(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយេដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញឲ្យថ្នាក់ដឹកនាំក្រសួង និងមន្ត្រីតាមមន្ទីររាជធានី-ខេត្ត ចូលរួមចុះផ្សព្វផ្សាយច្បាប់កូវីដ១៩ និងអនុក្រឹត្យថ្មីរបស់រាជរដ្ឋាភិបាលឲ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រសួងត្រូវបានរាជរដ្ឋាភិបាលប្រគល់បេសកកម្មឲ្យដឹកនាំ និងគ្រប់គ្រងរាល់កិច្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងធ្វើការងារអធិការកិច្ចលើគ្រប់វិស័យ ក្នុងនោះការផ្សព្វផ្សាយច្បាប់គឺជាផ្នែកមួយនៃការងារស្នូលដែលត្រូវអនុវត្តន៍។

អ្នកនាំពាក្យរូបនេះបន្តថា «បើទោះជាបច្ចុប្បន្នបញ្ហាជំងឺរាត្បាតកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់សុខមាលភាពរបស់ប្រជាជន ការប៉ះពាល់លើវិស័យសេដ្ឋកិច្ច និងមានកិច្ចការមួយចំនួនត្រូវបានកាត់បន្ថយក៏ពិតមែន តែលោកជំទាវ ម៉ែន សំអន បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ធ្វើការតាមជំនាញដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល មិនត្រូវទុកឲ្យរាំងស្ទះនូវកិច្ចការអាទិភាពមួយចំនួនដែលទាក់ទងសំណូមពរ ឬតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល និងប្រជាជននោះឡើយ។ ជាក់ស្តែងនាពេលនេះ ការផ្សព្វផ្សាយច្បាប់ និងអនុក្រឹត្យ ដែលត្រូវបានដាឲ្យប្រើប្រាស់បន្ទាន់នាពេលនេះ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន ក្នុងការចូលរួម ឲ្យអស់លទ្ធភាព និងគ្រប់រូបភាព ដែលអាចធ្វើទៅបាន ដើម្បីផ្សព្វផ្សាយឲ្យបានទាន់ពេលវេលា នឹងបាដល់ប្រជាជនគ្រប់មូលដ្ឋាន»

លោកស្រី ម៉ែន សំអន បានផ្តល់នូវអនុសាសន៍មួយចំនួន ទៅលើមធ្យោបាយ នៃការផ្សព្វផ្សាយក្នុងកាលៈទេសៈកូវីដ-១៩ ដោយត្រូវចែករំលែកព័ត៌មានទាំងនេះតាមរយៈបណ្តាញសង្គម ឬក្នុងពេលចុះបំពេញការងារជាមួយ រដ្ឋបាលខេត្ត-រាជធានី ខណៈទទួលពលករធ្វើចត្តាឡីស័ក្ត ដែលទើបត្រឡប់មកពីក្រៅប្រទេស ឬតំបន់ផ្សេងៗចូលមកដល់ភូមិកំណើត ក្នុងពេលចូលឆ្នាំថ្មីប្រពៃណីយខ្មែរ។

សូមបញ្ជាក់ថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានអគ្គនាយកដ្ឋានមួយ ក្នុងចំណោមអគ្គនាយកដ្ឋានទាំងបីរបស់ក្រសួង គឺអគ្គនាយដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ដែលធ្វើការងារ ជំនាញច្បាប់ ផ្សព្វផ្សាយច្បាប់ និងចូលរួមធ្វើសេចក្តីព្រាងតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ជាមួយរាជេដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងអង្គភាពរដ្ឋនានាផងដែរ៕