(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានចង្អៀត នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ នៅក្នុងឱកាសកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសអាស៊ានបានពិភាក្សាអំពីការអនុវត្តចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ និងការអនុវត្តផែនការលម្អិតរបស់សហគមន៍សន្តិសុខ និងនយោបាយអាស៊ាន ទំនាក់ទំនងក្រៅតំបន់ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាភេរវកម្ម និងក្រុមជ្រុលនិយម (ISIS-IS)។
ឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យអាស៊ានយកចិត្តទុកដាក់ពិចារណា លើបញ្ហាមួយចំនួនដូចជា៖ ការតភ្ជាប់អាស៊ាន ការកាត់បន្ថយភាពក្រីក្រ ការចូលរួមរបស់យុវជនអាស៊ានក្នុងការកសាងសហគមន៍អាស៊ាន ដោយយុវជនមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងដោយយុវជនមានចំនួនប្រមាណជាង ៣៥ % (១ ក្នុងចំណោម ៣នាក់) នៃប្រជាជនកម្ពុជាទាំងមូល និងប្រមាណ ៦០% នៃប្រជាជនអាស៊ានសរុបចំនួន ៦២៥លាននាក់ ការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការសម្រេចបានពេញលេញ នូវការអនុវត្តផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន នៅពេលដែលផែនការការងារនេះ ត្រូវបានអនុម័តដោយថ្នាក់ដឹកនាំអាស៊ាន នៅខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ ។
រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសង្កត់ធ្ងន់លើសារសំខាន់ចាំបាច់ត្រូវពង្រឹងតួនាទីស្នូល (ASEAN Centrality) និងការឯកភាព (Unity) របស់អាស៊ានក្នុងការធ្វើទំនាក់ទំនង ជាមួយប្រទេសមហាអំណាចនានា ជាពិសេសជាមួយចិន អាមេរិក និងរុស្សី។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា តួនាទីស្នូលរបស់អាស៊ានសំខាន់ណាស់ដែលយើងត្រូវបន្ដរក្សា និងពង្រឹង ប៉ុន្តែអាស៊ានមិនត្រូវចូលរួមក្នុងយុទ្ធសាស្រ្តសាកល របស់ប្រទេសមហាអំណាចណាមួយនោះទេ។
ទាក់ទងនឹងបញ្ហាតំបន់ និងអន្តរជាតិ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានពិភាក្សាលើបញ្ហាភេរវកម្ម និងក្រុមជ្រុលនិយម (ISIS-IS) និងវិធានការផ្សេងៗដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃអំពើភេរវកម្ម និងក្រុមជ្រុលនិយម មកក្នុងតំបន់អាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា អាស៊ានគួរពង្រឹងការអនុវត្តច្បាប់ ការផ្លាស់ប្តូរព័ត៌មានសម្ងាត់ និងការគ្រប់គ្រងព្រំដែន តាមរយៈការអនុវត្តផែនការការងារអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម (២០១៦-២០១៨) ឱ្យមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងក្រុមជ្រុលនិយមទាំងនោះ។
រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានពិភាក្សាផងដែរអំពីការវិវឌ្ឍន៍ និងសភាពការណ៍ថ្មីៗ នៅក្នុងសមុទ្រចិនខាងត្បូង។ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តឱ្យមានប្រសិទ្ធភាព និងពេញលេញនូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីពាក់ព័ន្ធនៅសមុទ្រចិនខាងត្បូង (DOC) និងជំរុញបង្កើនការពិគ្រោះយោបល់ ស្តីពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ដើម្បីឈានទៅសម្រេចបានក្រមប្រតិបត្តិនេះឱ្យបានឆាប់។ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានបញ្ជាក់ផងដែរ អំពីសារសំខាន់នៃសេរីភាពការធ្វើនាវាចរណ៍នៅក្នុង និងការហោះហើរលើសមុទ្រចិនខាងត្បូង។
រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានឯកភាព ឱ្យមានជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅពេលអនាគត ដើម្បីពិភាក្សាបញ្ហាទំនាក់ទំនងអាស៊ាន-ចិន រួមទាំងបញ្ហាសមុទ្រចិនខាងត្បូង ជាពិសេសរិះរកវិធានការសមស្រប ដើម្បីបន្ធូរបន្ថយភាពតានតឹង និងដោះស្រាយបញ្ហាជំលោះនៅសមុទ្រចិនខាងត្បូង។
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានចង្អៀត លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសថៃ រដ្ឋមន្ត្រីការបរទេសឡាវ និងរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងក៏ដើម្បីជំរុញការធ្វើសមាហរណកម្មអាស៊ាន ដោយផ្តោតលើសរសរស្តម្ភទាំងបីរបស់អាស៊ាន។
ក្នុងឱកាសនេះផងដែរ រដ្ឋមន្ត្រីការបរទេសថៃ បានស្នើអញ្ជើញ លោកឧបនាយករដ្ឋមន្ត្រី ទៅ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី១៤ (14th Asia Cooperation Dialogue Ministerial Meeting) ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងបាងកក ប្រទេសថៃ៕