(សៀងហៃ, ចិន)៖ ក្នុងដំណើរយាងបំពេញទស្សនកិច្ចនាទីក្រុងសៀងហៃ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ក៏បានយាងទៅកាន់ទីតាំងបង្កើតឡើងនូវបក្សកុម្មុយនិស្តចិន ក្នុងក្រុងសៀងហៃផងដែរ។

ទីតាំងនេះជាកន្លែងដែលបានប្រារព្ធឡើងដោយសម្ងាត់នូវសមាជលើកទី១ របស់បក្សកុម្មុយនិស្តចិន នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩២១ ដែលសមាជជាតិលើកដំបូង ដោយមានតំណាងសរុប ១៣នាក់ មកពីអង្គការបក្សកុម្មុយនិស្ត៧ បានចូលរួមកិច្ចប្រជុំរបស់ពួកគេ តំណាងឱ្យសមាជិកគណបក្សជាង ៥០នាក់នៅទូទាំងប្រទេស។

ជាមួយនឹងការយាងទៅកាន់ទីតាំងកំណើតបក្សកុម្មុយនិស្តចិននេះ ព្រះមហាក្សត្រខ្មែរ បានសម្តែងទឹកព្រះទ័យស្ញប់ស្ញែងកោតសរសើរដល់បក្សកុម្មុយនិស្ត ដែលបានជម្នះការលំបាកទាំងឡាយ ដើម្បីកសាងប្រទេសចិន។

ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជឱង្ការនាសវនាការជាមួយលោក Li Qiang លេខាធិការនៃគណៈកម្មាធិការគណបក្សក្រុងសៀងហៃ និងលោក Gao Zheng អភិបាលក្រុងសៀងហៃ ថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយ និងកត្តិយសដ៏ខ្ពង់ខ្ពស់ដែលបានមកបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃនាឱកាសនេះ ហើយគោលបំណងដ៏សំខាន់មួយនៃដំណើរទស្សនកិច្ចរបស់ខ្ញុំ គឺទស្សនាទីតាំងសមាជលើកទី១ នៃបក្សកុម្មុយនិស្តចិន»។

បន្ទាប់ពីបានបំពេញព្រះរាជទស្សនកិច្ច និងទ្រង់ព្រះសណ្តាប់អំពីប្រវត្តិសាស្រ្តលម្អិត នៃទីតាំងសមាជលើកទី១រួចមក ព្រះអង្គ សព្វព្រះរាជហឫទ័យមានព្រះរាជបន្ទូលថ្លែងនាឱកាសនោះថា «ទីនេះគឺជាទីកន្លែងដែលមានសារៈសំខាន់ខាងនយោបាយ និងប្រវត្តិសាស្ត្រដ៏អស្ចារ្យ។ ទីតាំងនៃសមាជជាតិលើកទី១ របស់បក្សកុម្មុយនិស្តចិន បានឲ្យយើងមើលឃើញពីប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិន ដែលបានឆ្លងកាត់ការលំបាកយ៉ាងច្រើនក្នុងការកសាងប្រទេស និងបម្រើប្រជាជន»។

សូមបញ្ចក់ផងដែរថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គធ្លាប់បានយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ទីតាំងដ៏មានសារៈសំខាន់ខាងលើនេះចំនួន២លើកផងដែរ គឺនៅក្នុងឆ្នាំ១៩៦៣ និងឆ្នាំ១៩៧២៕