(ត្បូងឃ្មុំ)៖ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញជា អធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាល នាយកទីចាត់ការ ប្រធានច្រកចេញចូលនៃសាលាខេត្ត និងប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធមួយចំនួន។
ក្នុ្ងងកិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត និងសេចក្តីព្រាងរបាយការណ៍ រីកចម្រើនប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ដោយសម្រេចយល់ព្រមសម្លេងគាំទ្រ២៥លើ២៥សម្លេង ព្រមទាំងបានឆ្លើយតប ដោះស្រាយជុំវិញបញ្ហា ប្រឈមមួយចំនួនដែលបានលើកឡើងក្នុងកិច្ចប្រជុំនោះផងដែរ។
លោក ស៊ាក ឡេង និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការចំណុះឲ្យរដ្ឋបាលខេត្តត្បូងឃ្មុំទាំងអស់ បន្ទាប់ពីចុះអប់រំណែនាំបញ្ជ្រាបដល់ ពលរដ្ឋពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងច្បាប់ដែលទើបដាក់ឲ្យអនុវត្តន៍ថ្មី ពាក់ព័ន្ធនឹងទោសទណ្ឌ និងការផាកពិន័យនោះ កុំភ្លេចត្រូវ ចូលរួមអនុវត្តន៍ខ្លួនឯងផ្ទាល់ជាចម្បងមុនគេ ទាំងអនាម័យរស់នៅ ការរក្សាគម្លាត ការអនុវត្ត៣កុំ ៣ការពារ ជាពិសេសការជួបជុំនានា និងការធ្វើដំណើរចល័តទីតាំង រៀងរាល់ថ្ងៃសម្រាកចុងសប្តាហ៍។
បន្ថែមពីនេះគណៈអធិបតីទាំង២រូប បានណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធបន្តសហការកំណត់អត្តសញ្ញាណអ្នកចំនូលស្រុកដែលមកពីតំបន់ហានិភ័យ ពិសេសពលករ ដែលសម្រុកចេញ មកពីប្រទេសថៃតាមបណ្តាខេត្តនានាមានច្រកជាប់ព្រំដែន ដើម្បីមកលេងស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ត្រូវមកស្នាក់នៅចត្តាឡីស័កតាមមណ្ឌលដែលរដ្ឋបាលខេត្តបានរៀបចំទុក ដើម្បីបង្ការ-ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ក្នុងខេត្តត្បូងឃ្មុំ ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កសរុបមានចំនួន៦៤១នាក់ ស្រី២៧២នាក់ ដោយឡែកពលរដ្ឋដែលអនុញ្ញាតឲ្យទៅគេហដ្ឋានវិញ ក្រោយធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ មានចំនួន៦៣នាក់ ស្រី២៩នាក់ ចំណែក៥៧៨នាក់ទៀត កំពុងតាមដានសុខភាព និងធ្វើចត្តាឡីស័កបន្ត ដែលភាគច្រើនសុទ្ធសឹងជាពលករដែលមកពីតាមតំបន់ព្រំដែនប្រទេសថៃ ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំឲ្យមានក្រុមការងារ ទៅទទួល ដល់តាមបណ្តាខេត្តនានា៕