(កំពង់ឆ្នាំង)៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងអនុវត្តតាមផែនការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ស្ដីពីការផ្អាកជាបណ្ដោះ អាសន្ននូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានចុះទៅផ្អាកពិធីរៀបអាពាហ៍ពិពាហ៍ មួយកន្លែងនៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ សកម្មភាពបានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង លោកក៏បានដឹកនាំកម្លាំង ចុះផ្អាកសកម្ម ភាពរៀបអាពាហ៍ពិពាហ៍មួយកន្លែង ឋិតនៅភូមិឃុំខាងលើ។ បន្ទាប់ពីចុះទៅពន្យល់ណែនាំដល់ម្ចាស់កម្មវិធីរួចមក ពួកគាត់ក៏បានសហការនឹងរើរុះរោង ដើម្បីផ្អាកកម្មវិធីភ្លាមៗផងដែរ។

ដោយឡែកលោក យិន សាវ៉េន បានផ្ដាំផ្ញើណែនាំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ សង្កាត់ និងស្ថាប័នមានសមត្ថកិច្ចឲ្យផ្អាកជាបណ្ដោះអាសន្ននូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗដែលមានមនុស្ស ចូលរួមច្រើនចាប់ពីពេលនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវអនុវត្តឲ្យ បានខ្ជាប់ខ្ជួនវិធានការ៣ការពារ៣ នឹងបីកុំឲ្យបានជាដាច់ខាត៕