(ភ្នំពេញ)៖ រឿងរ៉ាវប្រជាពលរដ្ឋរស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចោទប្រកាន់អធិការវត្តគោកបញ្ជាន់ព្រះនាម សេង ថន ថាបានឃុបឃិតជាមួយអាជ្ញាធរ មូលដ្ឋានលក់ដីស្រះទន្លេ ដែលមានទំហំប្រមាណ៥ហិចតានោះ ជាលទ្ធផល ឆ្លងកាត់តាមរយៈកិច្ចប្រជុំដែលធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រោមវត្តមានលោក ឃឹម ស៊ុនដា អភិបាលរងខណ្ឌ ភាគីទាំងអស់បានសម្រេចទុកដីស្រះទន្លេជាសម្បត្តិរួម។
នៅក្នុងកិច្ចប្រជុំខាងលើនេះ ព្រះចៅអធិការវត្ត បានធ្វើការបដិសេធថា ព្រះអង្គមិនមានសិទ្ធិលក់ដី ស្រះព្រះទន្លេនេះទេ ពោលត្រូវតែមានការឯកភាពពីគណៈកម្មការវត្ត អាជ្ញាធរមូលដ្ឋាន ហើយសម្រាប់ដីនៅខាងក្រោយវត្តនោះ គឺមានការដោះដូរ ដើម្បីយកថវិកាសម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនានៅក្នុងវត្ត។
ដោយឡែកជុំការទាមទាររបស់ប្រជាពលរដ្ឋ សុំឲ្យបណ្តេញព្រះចៅអធិការវត្តចេញនោះ ត្រូវបានលោកអភិបាលរងខណ្ឌ ប្រគល់កិច្ចការនេះ ជូនដល់ប្រធានការិយាល័យធម្មការ និងសាសនា។ សម្រាប់បញ្ហាឈាបដ្ឋានវិញ ត្រូវបានលោក ឃឹម ស៊ុនដា ប្រាប់ទៅព្រះចៅអធិការវត្ត ឲ្យជួយរក្សាបរិស្ថានឲ្យបានល្អ និងយកតម្លៃថោកសម្រាប់ជនក្រីក្រ។
ជាមួយនឹងបញ្ហានេះ លោកមេភូមិដែលប្រជាពលរដ្ឋទាមទារ ឲ្យដកចេញនោះ ក៏លោកអភិបាលរងខណ្ឌ សុំឲ្យប្រជាពលរដ្ឋធ្វើពាក្យបណ្តឹង លើកឡើងនូវបញ្ហាអសកម្មទាំងឡាយ ដើម្បីឲ្យខាងមន្រ្តីជំនាញចុះធ្វើការស្រាវជ្រាវបន្តទៀត។ សម្រាប់ការងារបន្តទៀតលោកអភិបាលរងខណ្ឌ នឹងធ្វើការរបាយការណ៍ជូនអភិបាលខណ្ឌ និងអភិបាលរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍ដឹកនាំដោះស្រាយបន្តទៀត។
សូមបញ្ជាក់ថា ការដោះស្រាយបញ្ហាចំរូងចម្រាស់មួយនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដែលមានការនិមន្តចូលរួមពីព្រះចៅអធិការវត្ត តំណាងប្រជាពលរដ្ឋ១៥នាក់ និងមានការសម្របសម្រួលពីលោក ឃឹម ស៊ុនដា ក្រោយពីប្រជាពលរដ្ឋនៅសង្កាត់ចោមចៅ ជាច្រើននាក់ បាននាំគ្នាតវ៉ាប៉ុន្មានថ្ងៃនេះ៕