(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ចំនួន ៧៥នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន២២នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ទាំង៧៥នាក់ មានជនជាតិខ្មែរ និងជនជាតិចិន ត្រូវបានរកឃើញ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ និងព្រៃវែង។
ចំណែកអ្នកជាសះស្បើយ ២២នាក់វិញ គឺមានម្នាក់ជាបុរសជនជាតិខ្មែរ បម្រើការងារជាកងទ័ពមួខខៀវ UN ធ្វើដំណើរមកពីប្រទេសអាហ្វ្រីក និង២១នាក់ផ្សេងទៀត គឺជាអ្នកឆ្លងក្នុងករណីសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ទទួលបានលទ្ធផលអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៤០នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៦២នាក់, អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕