(កណ្តាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកណ្ដាល នាព្រឹកថ្ងៃពុធ ទី ១៧ ខែមីនា ឆ្នាំ ២០២១ នេះ បានចុះត្រួតពិនិត្យការងារគ្រប់គ្រង, បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកណ្តាល ព្រមទាំងបានប្រគល់នូវថវិកា និងអំណោយមួយចំនួនដែលសរុបជាទឹកប្រាក់ចំនួនប្រមាណ ៤២៦ លានរៀល ដែលរួមមាន៖ ថវិកា ២០០ លានរៀល, អង្ករ ៥០ តោន, ទឹកសុទ្ធ ២០០០ កេះ, មី ២០០ កេះ និងគ្រឿងឧបភោគ-បរិភោគមួយចំនួនទៀត។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកណ្តាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ក្រុមគ្រូពេទ្យមន្ត្រីសុខាភិបាលទាំងអស់នៅទូទាំងខេត្ត ដែលបានលះបង់កម្លាំងកាយ, កម្លាំងចិត្ត និងពេលវេលា ដោយមិនខ្លាចការនឿយហត់ ក្នុងការជួយគ្រប់គ្រង, ទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងខិតខំមើលថែ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ ។
ទន្ទឹមនេះ, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានស្នើឱ្យរដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រងសភាពការណ៍នៃជំងឺកូវីដ-១៩ ពិសេស នៅតាមមូលដ្ឋានដែលកំពុងតែមានការឆ្លងច្រើន ដូចជា ស្រុកកោះធំ ជាដើម ព្រមទាំងត្រៀមរៀបចំ ក្រុមគ្រូពេទ្យ និងទីតាំងសម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំក្នុងពេលដ៏ខ្លីខាងមុខ។
ឆ្លៀតក្នុងឱកាសនោះដែរ, លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ក៏បានស្នើឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តកណ្តាល ចូលរួមទប់ស្កាត់ និងបង្ការការឆ្លងនូវជំងឺកូវីដ-១៩ ដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំនានា របស់ក្រសួងសុខាភិបាល ជាពិសេសគឺ វិធានការ ៣ កុំ និង ៣ ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្នុងនាមរដ្ឋបាលខេត្ត, អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកណ្តាល, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានសម្តែងនូវអំណរគុណ និងការដឹងគុណយ៉ាង ជ្រាលជ្រៅជូនចំពោះប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្ដាល និងក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ, ការលំបាក ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង អាជ្ញាធរក្នុងខេត្តកណ្តាល ហើយការផ្តល់នូវថវិកា, អង្ករ និងគ្រឿងឧបភោគ-បរិភោគជាច្រើននាថ្ងៃនេះគឺជា សក្ខីកម្មជាក់ស្តែងយ៉ាងច្បាស់។
លោកអភិបាលខេត្តបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តនឹងបែងចែកថវិកា និងសម្ភារៈទាំងអស់នេះ ជូនទៅបណ្តាមន្ទីរពេទ្យ, មណ្ឌលចត្តាឡីស័ក, អង្គភាព និងមូលដ្ឋានពាក់ព័ន្ធនៅទូទាំងខេត្តកណ្តាល៕