(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានថ្លែងឲ្យដឹងថា ទំនាស់ដីធ្លី ៦៣៧ករណី ត្រូវបានសម្របសម្រួលនិងដោះស្រាយបញ្ចប់នៅក្នុងឆ្នាំ២០១៥កន្លងទៅនេះ។
ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានឲ្យដឹងថា ក្នុងចំណោមទំនាស់ដីធ្លីទាំង ៦៣៧ករណីនេះ មាន ៣៧៦ករណី ត្រូវបានដោះស្រាយដោយជោគជ័យ ១៩២ករណី ត្រូវបានច្រានចោល និង ៦៩ករណី ត្រូវបានភាគីវិវាទសុំដកពាក្យបណ្តឹង។
លោក ប៊ិន ឈិន បានឲ្យដឹងផងដែរថា ក្នុងចំណោមវិវាទខាងលើ ក្រុមដោះស្រាយទំនាស់ចល័តបានដោះស្រាយវិវាទបានចំនួន ៤៩៩ករណី ស្មើនឹង ៧៨,៣៨ភាគរយ។
នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងរៀបចំដែនដីនាព្រឹកមិញនេះ លោក ប៊ិន ឈិន ក៏បានគូសបញ្ជាក់នូវសមិទ្ធផលជាច្រើនទៀត ដែលក្រសួងសម្រេចបាននាឆ្នាំ២០១៥ លើការងារនគរូបនីយកម្ម ដែលផ្សារភ្ជាប់នឹងការងារសំណង់ ការងារសម្បទានដីសង្គមកិច្ច ការងាររដ្ឋបាលទូទៅ ពិសេសទាក់ទងការកែទម្រង់រដ្ឋបាលសាធារណៈ រួមមានការងារហិរញ្ញវត្ថុ ការងារច្រកចេញ-ចូលតែមួយ ការងារសេវាសាធារណៈ ការងារបុគ្គលិក។
សម្រាប់ឆ្នាំ២០១៦ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានជំរុញឲ្យមន្រ្តីក្រសួងរៀបចំដែនដីយកចិត្តទុកដាក់ទៅលើសិទ្ធិកម្មសិទ្ធិ របស់ប្រជាជនលើដីធ្លី អំពីការងារសម្បទានដីសង្គមកិច្ច សម្រាប់អ្នកខ្វះខាតដី និងត្រូវការដីពិតប្រាកដ អំពីបញ្ហាលំនៅដ្ឋានសមរម្យ សម្រាប់អ្នកមានចំណូលទាប និងមធ្យម។ ការងារគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរ ដែលពាក់ព័ន្ធការវិនិយោគ ក៏ត្រូវបានលោក ប៊ិន ឈិន ជំរុញឲ្យយកចិត្តទុកដាក់ផងដែរ៕