(ពោធិ៍សាត់)៖ អគ្គិភ័យបានឆេះផ្ទះបាយ និងជង្រុកស្រូវដែលនៅជាប់គ្នាខ្ទេចអស់រលីងខណៈដែលម្ចាស់ផ្ទះដាំស្ល និងហូបចុករួច ក៏នាំគ្នាចេញទៅបំពេញការងាររៀងៗខ្លួន ដោយពុំមានអ្នកណានៅផ្ទះ។ ហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា ផ្ទះបាយជាប់នឹងជង្រុកដែលត្រូវភ្លើងឆេះនេះមានទំហំ០៤មគុណនឹង០៥ម ធ្វើអំពីឈើប្រកសង្កសីជញ្ជាំងក្ដារក្រាលក្ដារ។ ម្ចាស់ផ្ទះឈ្មោះសុខ សុន ភេទប្រុស អាយុ៧១ឆ្នាំ ប្រពន្ធឈ្មោះ កែវ សុន អាយុ៧១ឆ្នាំ មានកូនប្រុសស្រីក្នុងបន្ទុកចំនួន០៤នាក់។ ផ្ទះបាយនិងជង្រុកនេះនៅជាមួយគ្នា គ្រាន់តែខាន់កណ្ដាលប៉ុណ្ណោះ មានចម្ងាយពីផ្ទះធំដេកនៅប្រហែល២៥ម។ លោកអធិការបន្តទៀតថា បើតាមការរៀបរាប់ពីម្ចាស់ផ្ទះគឺនៅថ្ងៃនោះ ក្រុមគ្រួសាររបស់គាត់បានចំអិនអាហារថ្ងៃត្រង់ដាំបាយសម្លដោយភ្លើងចង្ក្រាន ហើយពេលហូបចុករួច ក៏នាំគ្នាចេញដំណើរទៅបំពេញការងាររៀងៗខ្លួនបាត់អស់។
ចំណែកគាត់ពីរនាក់យាយតា ក៏ទៅវត្តដែរគឺពុំមានអ្នកណានៅផ្ទះទេ។ ពេលដែលចេញទៅ គាត់បានដងទឹកពាងមួយផ្តិលចាក់លើចង្ក្រានដែរប៉ុន្តែទំនងជានៅសល់ងងើកភ្លើងខ្លះមិនទាន់រលត់អស់។ លុះពេលត្រូវខ្យល់បក់មកវាបង្កាត់ឡើងវិញទើបក្លាយជាអណ្ដាតភ្លើងរាលឆេះបែបនេះ។ លោកអធិការឲ្យដឹងទៀតថា ខណៈដែលភ្លើងកំពុងឆេះ ហើយម្ចាស់ផ្ទះមិននៅផ្ទះនោះ អ្នកស្រុកអ្នកភូមិរួមជាមួយ សមត្ថកិច្ចមូលដ្ឋានបាននាំគ្នាជួយអន្តរាគមន៍ ដោយប្រើរថយន្តទឹកតូចៗរបស់ឯកជន ដែលសម្រាប់ដឹកទឹកលក់ មកជួយបាញ់ពន្លត់រហូតរលត់ជាស្ថាពរ នៅសល់តែជើងសរសរប៉ុណ្ណោះ។ ម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា សម្ភារដែលត្រូវអគ្គិភ័យបំផ្លាញចោលនោះក្រៅពីផ្ទះបាយ និងជង្រុកគឺមានចានឆ្នាំង, ស្រូវចំនួន០៣តោនអង្ករ២០០គក្រនិងឈើប្រណិត ដែលទិញទុកសម្រាប់ធ្វើគ្រឿងសង្ហារឹមប្រើប្រាស់ប្រហែលមួយម៉ែតគូបទៀត។ ទោះយ៉ាងណា គ្រោះអគ្គិភ័យនេះ មិនបានរាលទៅឆេះផ្ទះធំដែលដេកនៅរាល់ថ្ងៃ ឫគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ៕