(ភ្នំពេញ)៖ សម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ យុវជនកាកបាទក្រហមកម្ពុជា ឆ្នាំ២០១៥ និងទិសដៅការងារ ឆ្នាំ២០១៦ថា សកម្មភាពរបស់កាកបាទក្រហមកម្ពុជាទាំងមូល ទទួលបានជោគជ័យយ៉ាងល្អប្រសើរ តែទន្ទឹមនឹងនោះក៏ត្រូវតែពង្រឹង និងពង្រីកសមត្ថភាព ដល់យុវជនកាកបាទក្រហមកម្ពុជាយើង ក្នុងការអនុវត្ដសកម្មភាពមនុស្សធម៌ ដើម្បីបំរើប្រជាពលរដ្ឋកម្ពុជា ឲ្យបានកាន់តែប្រសើរថែមទៀត។
ក្នុងឱកាសនោះដែរ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានដោះស្រាយ និងផ្ដល់អនុសាសន៍ ទៅលើបញ្ហាប្រឈមចំពោះការងារអភិវឌ្ឍយុវជន កាកបាទក្រហមកម្ពុជា និងបានផ្ដល់អនុសាសន៍ លើការអនុវត្តការងារជាក់ស្ដែង មួយចំនួនដូចតទៅ៖
១-ត្រូវយកចិត្តទុកដាក់ចាត់តាំង ឲ្យប្រធានគណៈកម្មាធិការសាខានីមួយៗ ទទួលដោយផ្ទាល់លើការងារយុវជន ពិសេសនៅតាមបណ្ដាសាខារាជធានី-ខេត្ត ត្រូវបន្តពង្រឹងក្លឹបយុវជនកាកបាទក្រហម ឲ្យក្លាយទៅជាទីកន្លែង នៃការជួបជុំមិត្តអប់រំមិត្ត។ ដោយរួមមានលើបញ្ហាការសិក្សាបច្ចុប្បន្ននេះ ពិសេសក្នុងការធ្វើកំណែទម្រង់ លើវិស័យអប់រំ អ្នកចេះទើបប្រឡងជាប់ និងទីពីរ- ក្លឹបយុវជន ជាកន្លែងដែលជួយអប់រំផ្សព្វផ្សាយ បណ្ដុះបណ្ដាល ឲ្យយុវជនកាកបាទក្រហម ក្លាយជាយុវជនគំរូគេខាងសីលធម៌ សមត្ថភាព សេចក្ដីថ្លៃថ្នូរ និងចិត្តមនុស្សធម៌ ចេះជួយសិស្ស-និសិ្សត លោកគ្រូ-អ្នកគ្រូ ដែលជួបការលំបាកខ្វះខាត ក្នុងជីវភាពរស់នៅ ហើយយើងត្រូវជួយអ្នក ដែលលំបាកខ្លាំងជាងគេមុន។ ជាងនេះទៅទៀត ក្លឹបយុវជន នឹងក្លាយជាកន្លែងដែលផ្ដល់នូវជំនាញ ចំណេះដឹង បំណិនជីវិត មានជាអាទិ៍ ការអប់រំ សុខភាព វិជ្ជាសង្រ្គោះបឋម មិត្តអប់រំមិត្ត ។
ទី២- ត្រូវបន្តយកចិត្តទុកដាក់ថែមទៀត ក្នុងការជំរុញសកម្មភាពយុវជន បង្កឱកាសលទ្ធភាពដល់យុវជន ដើម្បីធានានូវនិរន្តរភាពមួយ ប្រកបដោយចីរភាព នៅគ្រប់ទីកន្លែង គ្រប់មូលដ្ឋាន របស់កាកបាទក្រហម ចាំបាច់ត្រូវមានកម្លាំងមនុស្សធម៌វ័យក្មេង ក្នុងការបន្តវេន ផ្ដល់សេវាមនុស្សធម៌ ជួយដល់សហគមន៍ នៅក្នុងបូរណភាព ដែនដីខេត្ត-ស្រុក នៃមូលដ្ឋាននីមួយៗ។
ទី៣-ត្រូវយកចិត្តទុកដាក់ ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយអង្គការយុវជននានា ជាមួយយុវជនគ្រប់ស្រទាប់ទាំងអស់ ដោយចាត់ទុកថា នេះជាបញ្ហាដ៏មានសារៈសំខាន់ជាមូលដ្ឋាន ចៀសវាងឲ្យបានដាច់ខាតនូវ ស្មារតីលើកកម្ពស់ខ្លួនឯង មើលស្រាលអ្នកដទៃ បែងចែកប្រកាន់បក្សពួកនិយម។ ការងារមនុស្សធម៌ជាភារកិច្ចមួយដ៏ធំធេង និងធ្ងន់ធ្ងរ ដែលទាមទារនូវការចូលរួម ទាំងធនធានមនុស្ស ទាំងធនធានហិរញ្ញវត្ថុ និង ផ្នែកបច្ចេកទេសពីគ្រប់មជ្ឈដ្ឋាន ។
ទី៤- យុវជនកាកបាទក្រហមទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ សិក្សាស្វែងយល់ និងចេះប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីដើរឲ្យស្របតាមការរីកចម្រើន។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងបញ្ជាក់បន្ថែមថា «យុវជនកាកបាទក្រហមកម្ពុជាយើង គឺត្រូវតែជាយុវជន ពោរពេញទៅដោយសមត្ថភាព គុណភាព និងមានទឹកចិត្តមនុស្សធម៌ ដោយមិនគិតទៅលើតែពីបរិមាណនោះទេ»។
គូរបញ្ជាក់ថា នៅព្រឹកមិញនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានប្រគល់ប័ណ្ណសរសើរជូនដល់គ្រូទីប្រឹក្សាយុវជនចំនួន ១១៣៧ នាក់ និងបានផ្ដល់ថវិកាជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាសរុប ចំនួន២០៥នាក់ ក្នុងម្នាក់ៗទទួលបាន១០ម៉ឺនរៀលផងដែរ៕