(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាននិយាយថា ប្រទេសកម្ពុជា-វៀតណាម ពេលនេះកំពុងរៀបចំ កិច្ចព្រមព្រៀង ក្នុងការផ្ទេទណ្ឌិតទៅវិញទៅមក ។
លោក ជិន ម៉ាលីន អ្នកនំាពាក្យក្រសួងយុត្តិធម៌ អះអាងបែបនេះប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួប រវាងលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Ha Hung Cuong នៅទីស្តីការក្រសួងកម្ពុជានាព្រឹក ថ្ងៃទី២៩ខែកុម្ភៈ ឆ្នាំ២០១៦។
លោកបានលើកឡើងថា «កិច្ចព្រមព្រៀងដែលយើងកំពុងធ្វើនេះ ហើយនឹងបញ្ចប់នៅពេលខាងមុខនេះទី១កិច្ចព្រមព្រៀងក្នុងការ ផ្ទៃទណ្ឌិត និងទី២.កិច្ចព្រមព្រៀងក្នុងការជួយគ្នាទៅវិញទៅមក ក្នុងវិស័យព្រហ្មទណ្ឌហើយយើងបានឯកភាពគ្នាថាធ្វើយ៉ាងម៉េច ឱ្យកិច្ចព្រមព្រៀងនេះ បញ្ចប់ឱ្យបានលឿន ដើម្បីឱ្យកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌នេះប្រព្រឹត្តទៅដោយរលូន» ។
អ្នកនាំពាក្យរូបនេះ អះអាងថា ឆ្នាំ២០១៦នេះ ក្រសួងយុត្តិធម៌កម្ពុជា-វៀតណាម បាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការ មួយចំនួនដូចជា ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការបណ្តុះបណ្តាលសមត្ថភាព ការរៀបចំសិក្ខាសាលាកិច្ចប្រជុំ ជួយគ្នាទៅវិញទៅមក ផ្លាស់ប្តូរឯកសារ និងពង្រឹកកិច្ចសហប្រតិបត្តិការ ក្របខណ្ឌក្នុងតំបន់ និងអន្តរជាតិ៕