(ភ្នំពេញ)៖ ក្រុមហ៊ុនសាជីវកម្ម JTC របស់ជប៉ុន បាននិងកំពុងសិក្សា និង ពិនិត្យលទ្ធភាព ដើម្បីបោះទុនវិនិយោគលើការកែច្នៃកៅស៊ូ និងដំឡូងមី ដើម្បីនាំចេញទៅកាន់ប្រទេសជប៉ុន និង បណ្តាប្រទេសផ្សេងៗទៀត។
ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់សម្រាប់ដំណើរការរោងចក្រកែច្នៃកៅស៊ូ និងដំឡូងមីនេះ លោក Tatsuo FUJIMURA ប្រធានសាជីវកម្ម JTC នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានចូលជួបសំណេះសំណាល សាកសួរសំណួរ និងការណែនាំ ព្រមទាំងការគាំទ្រពីទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល។
លោក កែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ Fresh News ថា ក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគាំទ្រពេញទំហឹង ចំពោះលោក FUJIMURA ព្រមទាំងបានសន្យាជួយដល់ការនាំចេញកៅស៊ូនិងដំឡូងមី ពីកម្ពុជាទៅកាន់អ្នកប្រើប្រាស់ដោយផ្ទាល់។ លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តឲ្យលោក FUJIMURA ស្វែងយល់ពីលទ្ធភាព នៃការវិនិយោគលើរោងចក្រកែច្នៃកៅស៊ូ និង ដំឡូងមីនៅក្នុងប្រទេសកម្ពុជា។
លោក កែន រដ្ឋា បានបន្តថា ការចុះមកសិក្សាពិនិត្យលទ្ធភាពបើករោងចក្រកែច្នៃកៅស៊ូ និង ដំឡូងមី ពីក្រុមហ៊ុនសាជីវកម្ម JTC នៅ កម្ពុជានេះ ដោយសារក្រុមហ៊ុនសម្លឹងឃើញកម្ពុជា មានសក្តានុពលផ្នែកដំណាំកៅស៊ូ និងដំណាំដំឡូងមីផងដែរ។
លទ្ធផល នៃការសិក្សារបស់ក្រុមហ៊ុនសាជីវកម្ម JTC គេនៅមិនទាន់ដឹងថា មានលទ្ធផលយ៉ាងណានៅឡើយទេ ហើយក្រុមហ៊ុននឹង ចូលជួបពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ រួមនិងក្រុមហ៊ុនវិនិយោគដទៃទៀតនៅកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក កែន រដ្ឋា។
ដំណាំកៅស៊ូ និង ដំឡូងមី របស់ប្រជាពលរដ្ឋខ្មែរ ត្រូវបានគេមើលឃើញថា តែងរងគ្រោះជាប់ជានិច្ចនៅពេលប្រមូលផល ដោយសារ តម្លៃតែងតែប្រែប្រួលមិនទៀងទាត់ ខណៈដែលប្រទេសកម្ពុជា មិនទាន់មានរោងចក្រកែច្នៃកៅស៊ូ ចេញទៅផលិតផលផ្សេងៗនោះ។
លោក កែន រដ្ឋា បានបង្ហាញគំនិតសុទិដ្ឋិនិយមថា ប្រសិនបើរោងចក្រកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន JTC អាចលេចចេញជារូបរាងនៅ កម្ពុជាមែននោះ វាអាចនឹងជួយឲ្យការប្រកបរបរដាំកៅស៊ូនៅកម្ពុជា នឹងមានភាពល្អប្រសើរ ពោលមិនសូវរងគ្រោះ ដោយសារការប្រកួតប្រជែងទីផ្សារកៅស៊ូនៅលើពិភពលោក។
លោក កែន រដ្ឋា បានឲ្យដឹងផងដែរថា ក្រុមហ៊ុនសាជីវកម្ម JTC បាននិងកំពុងបើករោងចក្រកែច្នៃកៅស៊ូមួយនៅក្នុងប្រទេសវៀតណាម ដើម្បីនាំផលិតផលកែច្នៃពីកៅស៊ូទៅកាន់ប្រទេសជប៉ុន៕