(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវអាគារសិក្សា ២ខ្នងមាន១០បន្ទប់ ស្ថិតនៅស្ថិតឃុំគោល ស្រុកប្រាសាទសំបូរ ដែលជាអំណោយ របស់អង្គការរូមធូរីដ និងថវិកាបដិភាគប្រមាណ ១៤.២២៧ដុល្លារ។
ពិធីនេះក៏មានការចូលរួមពីនាយកអង្គការរូមធូរីដ ប្រចាំខេត្តកំពង់ធំ និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ។ អាគារសិក្សាទី១ មាន៥បន្ទប់កសាងនៅឆ្នាំ២០១៣ អស់ទឹកប្រាក់៤៦.៨៧៥ដុល្លារ ក្នុងនោះសហគមន៍ចូលរួម បដិភាគចំនួន៧.០២៧ដុល្លារ និងអាគារសិក្សាទី២ កសាងនៅឆ្នាំ២០១៥ អស់ទឹកប្រាក់៤៧.៤៥៤ដុល្លារ ត្រូវបង់បដិភាគ៧.១១៨ដុល្លារ ប៉ុន្តែត្រូវបានលោកស្រី ខាត់ ស៊ីឡែម ជនជាតិម៉ាឡេស៊ី ចេញជំនួសសហគមន៍ចំនួន ៧.២០០ដុល្លារ។
លោក អ៊ុត សំអន បានថ្លែងថា ការលើកកំពស់វិស័យអប់រំនៅកម្ពុជា គឺផ្នែកសំខាន់មួយក្នុងកិច្ចដំណើរការអភិវឌ្ឍប្រទេសនាពេល បច្ចុប្បន្ន។ ដូច្នេះការបន្តលើកស្ទួយឲ្យមានអំណានគឺជាកត្តាសំខាន់ ប្រកបដោយគុណភាពក្នុងវិស័យអប់រំ ដែលក្រោយបញ្ចប់ ការសិក្សា សិស្សនិងទទួលបានការងារ ធ្វើមានមុខរបរ។
បច្ចុប្បន្ននេះដែរក្រសួងបានធ្វើកំណែទម្រង់ ដោយផ្ដោតលើការប្រឡង សញ្ញាបត្រដើម្បី រកឲ្យឃើញនូវតម្លៃនៃគុណភាព លើការសិក្សា។ លោកក៏បានកោតសរសើរចំពោះអង្គការ រូមធូរីដកម្ពុជា ដែលតែងតែផ្ដល់ការឧបត្ថម្ភ និងលើកទឹកចិត្តទាំង បច្ចេកទេសបង្រៀន សម្ភារដែលជាមូលដ្ឋានគ្រឹះ ក្នុងវិស័យអប់រំ និងលោកស្រី ខាត់ ស៊ីឡែម ដែលបានផ្តល់នូវថវិកាសម្រាប់កសាង អាគារសិក្សា នេះឡើង។
លោកអភិបាលខេត្ត បានជំរុញឲ្យសិស្សានុសិស្សមានការខិតខំប្រឹងប្រែង រៀនសូត្រ ពិសេសត្រូវចាប់យកជំនាញមួយជាក់លាក់ ពិតប្រាកដ ហើយចេះរស់នៅដោយអធ្យាស្រ័យ គ្នាទៅវិញទៅមក និងចេះជួយថែរក្សាការពារសម្បត្តិវប្បធម៌ ឲ្យបានគង់វង្ស យូអង្វែង៕