(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បញ្ជាឱ្យកម្លាំងកងរាជអាវុធហត្ថនៅទូទាំងរាជធានីភ្នំពេញ ត្រូវបន្តចូលរួមការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើចត្តាឡីស័ក និងទីតាំងសម្រាកព្យាបាលរបស់អ្នកជំងឺឆ្លងកូវីដ-១៩ ក្នុងរាជធានីភ្នំពេញដែលមានជាង ១០០ ទីតាំងឲ្យបានម៉ឺងម៉ាត់បំផុត។
ការដាក់បញ្ជានេះធ្វើឡើងក្រោយពេលសម្តេចតេជោ ហ៊ុន សែន អំពាវនាវហើយអំពាវនាវទៀត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានថ្លែងទៅកាន់សមាជិកក្រោមឱវាទទាំងអស់ថា «យុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋទាំងអស់គ្នា កុំថាឡើយជាកងកម្លាំង បើទោះបីយើងជាពលរដ្ឋសាមញ្ញ ក៏ត្រូវចូលរួមឲ្យសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះ»។
ដូច្នេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវតែបន្តចូលរួមជាមួយស្ថាប័នចម្រុះគ្រប់ប្រភេទ ក្នុងការដាស់តឿនក្រើនរំលឹក និងជួយជំរុញដល់ប្រជាពលរដ្ឋអនុវត្តនូវវិធានការ «៣ការពារ ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន និងបន្តចូលរួមប្រចាំការ ការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ ក្នុងរាជធានីភ្នំពេញមានជាង ១០០ ទីតាំងឲ្យបានម៉ឺងម៉ាត់បំផុត។
* វិធានការ៣ការពារ រួមមាន៖ ពាក់មាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១ ម៉ែត្រកន្លះឡើងទៅ ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង។ សម្តេចបញ្ជាក់ថា ចំណុចបីការពារនេះសំខាន់ខ្លាំងណាស់ធ្វើដូច្នេះទើបអាចយកឈ្នះលើជំងឺកូវីដ-១៩ បានដោយជោគជ័យ។
* វិធានការ៣កុំ រួមមាន៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។
ព្រមជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់ពីប្រជាជននៅតាមបណ្តាខេត្ត បើសិនជាអាចពន្យាពេលក្នុងការធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ សូមពន្យារសិនដើម្បីទុកឱកាសឲ្យរាជធានីភ្នំពេញដោះស្រាយបញ្ហាជៀសវាងការកកស្ទះចរាចរណ៍ ដែលនេះជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃការចម្លងពីគ្នាទៅវិញទៅមកផងដែរ ចំពោះអ្នកនៅទីក្រុងភ្នំពេញ បើមិនចាំបាច់ទេសូមកុំចេញមកក្រៅផ្ទះ សូមរួមគ្នាបង្ការទប់ស្កាត់កូវីដ-១៩ ទាំងអស់គ្នា៕