(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញជូនដំណឹងដល់សាធារណជន ដែលមានរៀបពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ត្រូវផ្អាកជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងការពារជំងឺកូវីដ -១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍។
ការចេញបំរាមរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើឡើងក្រោយប្រទេសកម្ពុជា បានផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» កំពុងស្ថិតនៅក្នុងស្ថានភាពមួយ ដែលគួរឱ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញ ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះសូមចូលរួមអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានចេញផ្សាយជាបន្តបន្ទាប់ និងក្នុងន័យបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលចូលក្នុងសហគមន៍ នៃខេត្តស្ទឹងត្រែង។
បើតាមសេចក្តីជម្រានជូនរបស់រដ្ឋបាលខេត្តស្ទឹងត្រែង មកអភិបាលស្រុក ក្រុង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ដោយស្នើឱ្យរដ្ឋបាលក្រុង ស្រុកដឹកនាំអនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖
ទី១៖ បន្តគ្រប់គ្រងឲ្យបានច្បាស់លាស់ និងហ្មត់ចត់ ចំពោះការធ្វើដំណើរចេញចូល របស់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន ពិសេសប្រជាពលរដ្ឋ ដែលធ្វើដំណើរមកពីទីកន្លែង មានការឆ្លងជំងឺកូវីដ-១៩ ដោយឡែកចំពោះរាល់ប្រជាពលរដ្ឋ ធ្វើដំណើរមកពីទីតាំងមូលដ្ឋាន ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ត្រូវរាយការណ៍ជាបន្ទាន់ មកមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងអនុវត្តវិធានការចត្តាឡីស័ក បានទាន់ពេលវេលា។
ទី២៖ ដោយប្រើប្រាស់គ្រប់មធ្យោបាយ រួមនឹងឧគ្ឃោសនាសព្ទ និងប្រព័ន្ធផ្សព្វផ្សាយក្នុងមូលដ្ឋាន ធ្វើការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងវិធានការនានា ដើម្បីបង្ការ ទប់ស្កាត់ ការពារប្រយុទ្ធនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាប្រចាំជាពិសេស នៅតាមទីប្រជុំជនផ្សារ សាលារៀន រោងចក្រ សហគ្រាស ក្រុមហ៊ុន រម្មណីយដ្ឋានទេសចរណ៍ ចំណតរថយន្ត ព្រមទាំងទីតាំងសំខាន់ៗមួយចំនួនទៀត ក្នុងមូលដ្ឋាន។
ទី៣៖ ណែនាំដល់ប្រជាពល ក្នុងមូលដ្ឋានឱ្យចូលរួមអនុវត្តប្រកបដោយ ការទទួលខុសត្រូវ និងយោគយល់ ចំពោះការផ្អាក ឬពន្យារពេលការរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីឡើងគេហដ្ឋាន និងពិធីជួបជុំផ្សេងៗទៀត និងចូលរួមអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល វិធានការសុខាភិបាល និងការណែនាំរបស់រដ្ឋបាលខេត្ត ឱ្យបានច្បាស់លាស់ ហ្មត់ចត់បំផុត ជាពិសេសវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕
ខាងក្រោមនេះជាសេចក្តីជម្រាបជូនរបស់រដ្ឋបាលខេត្តស្ទឹងត្រែង៖