(ភ្នំពេញ)៖ វេទិកាជាតិ «យុវជននិងទីក្រុងស្អាត» ឆ្នាំ២០១៦ លើកដំបូងនៅកម្ពុជា ត្រូវបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
វេទិកានេះ ត្រូវបានរៀបចំឡើង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត/ក្រសួងទេសចរណ៍ ក្រោមប្រធានបទ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន និងសហភាពសហពន្ធយុវជនកម្ពុជា ហើយចូលរួមដោយ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងសិស្ស-និស្សិត ប្រមាណ១ពាន់នាក់ ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការវាយតម្លសទីក្រុងស្អាត បានថ្លែងក្នុងពិធីបើកវេទិកា ថ្នាក់ជាតិនេះ នៅព្រឹកមិញថា យុទ្ធនាការ «យុវជន និងទីក្រុងស្អាត» នេះបានដើតួនាទីផ្នែកមួយនៅក្នុងការជំរុញចលនាទេសចរ យុវជន ដែលនេះគឺជាយុទ្ធនាការថ្មីមួយ ដែលក្រសួងគ្រោងនឹងដាក់ចេញនៅក្នុងឆ្នាំ២០១៦-២០១៧ ដើម្បីផ្តល់ឱកាសដល់យុវជន នៅក្នុងការចូលរួមក្នុងកិច្ចការសង្គមបរិស្ថាន និងទេសចរណ៍។
លោកបានបន្ថែមទៀតថា ចំនួនទេសចរយុវជនបានកើនឡើងដល់ជិត២៥០ពាន់លានដុល្លារ ចាក់បញ្ចូលទៅក្នុងចរន្តសេដ្ឋកិច្ច ពិភពលោក (បើតាមការសិក្សារបស់អង្គការ ទេសចរណ៍ពិភពលោក) ហើយតាមរយៈការព្យាករណ៍នេះដែរ ចំនួនទេសចរយុវជន នឹងកើនឡើងដល់ប្រមាណ៣០០លាននាក់ នៅឆ្នាំ២០២០ ។
លោករដ្ឋមន្រ្តីបានបន្ថែមថា វេទិកាជាតិ «យុវជន និងទីក្រុងស្អាត» លើកទី១ នឹងលើកនូវកិច្ចពិភាក្សាអំពីតួនាទី និងកាតព្វកិច្ចរបស់ យុវជនកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ លើកកម្ពស់ភាពស្អាត និងភាពបៃតង ដែលជាការចូលរួមក្នុងការធ្វើឱ្យ ប្រសើរឡើង នូវសមត្ថភាពរបស់ក្រុមបេក្ខភាពឆ្ពោះទៅទទួលជ័យលាភីក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតកម្ពុជា ឆ្នាំ២០១៨ (លើកទី២) និងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានឆ្នាំ២០១៨ (លើកទី១) ប្រកបដោយលទ្ធផលល្អប្រសើរ។
លោកថា អង្គវេទិកានឹងធ្វើការផ្លាស់ប្តូរគំនិតទស្សនទានជុំវិញប្ឬធានបទសំខាន់ៗចំនួន៣រួមមាន៖ ទី១. ការចូលរួមរបស់មហាជន និងយុវជនក្នុងការការងារទីក្រុងស្អាត និងតួនាទីរបស់យុវជនក្នុងការជំរុញ ការអភិវឌ្ឍវិស័យទេសចរណ៍បៃតង។ ២. យុវជន ដំណើរឆ្ពោះទៅកាន់ទីក្រុងស្អាត៖ ដោយធ្វើការពិភាក្សាពីឥទ្ធិពលរបស់ប្រពន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មានវិត្យាក្នុងយុទ្ធនាការ «យុវជន និងទីក្រុងស្អាត» ។ និង៣. បុគ្គលឆ្នើម និងការឆ្នៃប្រឌិតដើម្បីទីក្រុងស្អាត៕