(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការទីតាំងចំនួន២១កន្លែងឡើងវិញ (បញ្ចប់ការធ្វើចត្តាឡីស័ក) ក្រោយមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅទីនោះបន្ថែមទៀត។ នេះបើតាមលិខិតអនុញ្ញាតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ។
បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់ទីតាំងទាំង២១នេះ ត្រូវគោរពតាមវិធានការ ៣ការពារ និង៣កុំ ព្រមទាំងអនុវត្តតាមវិធាំនការរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញជាបន្ដបន្ទាប់។
បន្ថែមពីនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអះអាងទៀតថា ម្ចាស់ទីតាំងទាំងនោះត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបើកដំណើរការទីតាំងផ្សេងជាបន្ដបន្ទាប់ទៀត ក្រោយពិនិត្យច្បាស់ថា មិនមានអ្នកបន្ដឆ្លងជំងឺកូវីដ-១៩នៅទីនោះ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,៣២៥នាក់ ក្នុងនោះដែរអ្នកដែល ឆ្លងក្នុងព្រឹត្តិការណ៍២០កុម្ភៈ សរុបចំនួន ៨១០នាក់ ស្រីចំនួន៣៧៨នាក់ និងបុរស៤៣២នាក់។ អ្នកជាសះស្បើយចំនួន ៧៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥៩២នាក់, ស្លាប់ដោយសារកូវីដ១៩ម្នាក់ និងពីរនាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរ ឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕