(បន្ទាយមានជ័យ)៖ រសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី បានដឹកនាំក្រុមការងារ ចុះណែនាំអំពីវិធានការបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩ (COVID-19) របស់ក្រសួងសុខាភិបាល និងផ្សព្វផ្សាយវិធានការ ៣ការពារ ៣កុំ ដែលជាអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងបានចែកឧបករណ៍វាស់កម្តៅ ម៉ាស និងអាល់កុល ជូនដល់ក្រុមការងារ កងកម្លាំង និងប្រជាការពារ នៅក្នុងតំបន់អភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ។
លោក ប៉ាន់ខែម ប៊ុនថន បានណែនាំក្រើនរំលឹកដល់ក្រុមការងារ កងកម្លាំង និងប្រជាការពារ នៅក្នុងតំបន់អភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ទាំងអស់គ្នា ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ រួមគ្នាផ្សព្វផ្សាយណែនាំ និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពទាំងអស់គ្នា៕