(ភ្នំពេញ)៖ ក្រុមការងារជំនាញ និងបច្ចេកទេស របស់ក្រសួងធនធានទឹក និងឧតុនិយម ក្រោមការបញ្ជាផ្ទាល់ពីលោករដ្ឋមន្រ្តី លឹម គានហោ បាននិងកំពុងមមាញឹក​លើការជួសជុល ប្រព័ន្ធធារាសាស្រ្ត​នៅតាមបណ្តាខេត្ត ដើម្បីបង្កើនទំហំ នៃការស្រោចស្រពផ្ទៃដីដាំដុះ របស់ប្រជាកសិករ កាន់តែប្រសើរឡើង។

យោងតាម Facebook Page របស់ក្រសួងធនធានទឹក ចេញផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ប្រព័ន្ធធារាសាស្រ្តដែលក្រុងមការងារ កំពុងធ្វើការជួសជុលនោះរួមមាន ទី១-ប្រព័ន្ធធារាសាស្ត្រ «បាសាក់» ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង, ទី២-គម្រោងអភិវឌ្ឍន៍ «ទំនប់ពហុបំណងបាត់ដំបង» មានទីតាំងសំណង់មេ ស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងទី៣-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព «ស្ទឹងជីក្រែង» មានទីតាំងស្ថិតនៅក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា សម្រាប់ប្រព័ន្ធធារាសាស្ត្របាសាក់ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការជួសជុលឡើងវិញ ដោយធ្វើការផ្លាស់ប្តូរទ្វារទឹក ពង្រឹង និងបង្កើនក្រិត​កំពស់ទំនប់ ដើម្បីបង្កើនការស្តុកទឹកឲ្យបាន៣០លានម៉ែត្រគូប ស្តារនិងជីកប្រឡាយមេ ប្រឡាយរងជាច្រើនខ្សែ និងសាងសង់សំណង់សិល្បការជាច្រើនកន្លែងទៀត។ ក្រោយពេលជួសជុលរួច គម្រោងនេះនឹងផ្តល់ទឹក សម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ១៣,០០០ ហិកតា និងស្រូវប្រាំង ចំនួន១០,០០០ ហិកតា នៅក្នុងស្រុករុក្ខគិរី ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង ស្រុកបាកាន ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ដោយឡែក គម្រោងអភិវឌ្ឍន៍ ទំនប់ពហុបំណងបាត់ដំបង៖ មានទីតាំងសំណង់មេស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តដោយ​លើកទំនប់តភ្ជាប់ពីភ្នំជីប៉ាង ទៅភ្នំកូប ដើម្បីបង្កើតជាអាងទឹក ដែលមានសមត្ថភាពស្តុកទឹកបាន ចំនួន ២៨៦ លានម៉ែត្រគូប ។ ទឹកដែលប្រមូលស្តុកទុកនេះ នឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៤៧,០០០​ហិកតា និងស្រូវប្រាំង ចំនួន ១២,០០០ ហិកតា នៅក្នុងស្រុករតនមណ្ឌល បាណន់ សង្កែ និងស្រុកមោងឫស្សី។ គម្រោងនេះ ក៏អាចទាញយកថាមពលវារីអគ្គិសនី ចំនួន ១៣,២០០គីឡូវ៉ាត់ ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ ដល់ក្រុងបាត់ដំបង ផងដែរ។

ចំណែកឯសម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង មានទីតាំងស្ថិតនៅក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងអនុវត្ត គម្រោងនេះ សម្រេចបានប្រមាណ ៥០ភាគរយហើយ ។ ក្រោយពេលសាងសង់រួច គម្រោងនេះនឹងផ្តល់សក្តានុពលទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ២២,៨៥០ ហិកតា និងស្រូវប្រាំង ចំនួន ៦,០០០ ហិកតា ក្នុងឃុំចំនួន ១០ នៃស្រុកជីងក្រែង ខេត្តសៀមរាប៕