(ភ្នំពេញ)៖ បណ្ឌិត ឆេង គីមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍ ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ របស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា ប្រជាពលរដ្ឋគួរតែចូលរួមជាមួយរាជរដ្ឋាភិបាល រួមគ្នាបញ្ចប់នូវ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ឲ្យបានឆាប់ ដើម្បីឲ្យមានកម្លាំងជំរុញសន្ទុះសេដ្ឋកិច្ចឡើងវិញ។
បណ្ឌិត ឆេង គីមឡុង បានបន្ថែមទៀតថា ប្រជាពលរដ្ឋ ត្រូវតែចូលរួមគោរពឲ្យបាននូវច្បាប់ផ្សេងៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីអាចគ្រប់គ្រងនូវសភាពការណ៍ នៃការឆ្លងរាលដាល ក្នុងសហគមន៍ឲ្យបានឆាប់។
ការលើកឡើងបែបនេះ របស់បណ្ឌិត ឆេង គីមឡុង ធ្វើឡើងក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «ផលប៉ះពាល់សេដ្ឋកិច្ច នៃការផ្ទុះកូវីដ-១៩ ក្នុងសហគមន៍ព្រឹត្ដិការណ៍ ២០កុម្ភៈ» តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។
បណ្ឌិត ឆេង គីមឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រជាជនគួរតែចូលរួមចំណែក ឲ្យបានផុសផុល និងគោរពបទដ្ឋាន ទៅតាមអ្វីដែលជាគោលការណ៍ របស់រាជរដ្ឋាភិបាលដូចជា ក្រសួងសុខាភិបាល និងអន្ដរាគមន៍របស់ក្រសួងពាក់ព័ន្ធផ្សេងៗទៀត ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩»។
បណ្ឌិត ឆេង គីមឡុង បានលើកឡើងទៀតថា ប្រជាពលរដ្ឋត្រូវធ្វើយ៉ាងណា គោរពឲ្យបាននូវស្ដង់ដារ និងច្បាប់ផ្សេងៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ព្រោះថានេះ គឺជាកិច្ចការចូលរួមទាំងអស់គ្នា ដើម្បីគ្រប់គ្រងនូវសភាពការណ៍ និងដើម្បីបើកផ្លូវ ឲ្យមានកម្លាំងជំរុញសន្ទុះសេដ្ឋកិច្ចឡើងវិញ។
បន្ថែមពីនោះទៀត បណ្ឌិត ឆេង គីមឡុង ក៏បានស្នើសុំឲ្យរាជរដ្ឋាភិបាល គួរតែបន្ដផ្ដល់នូវជំនួយ ទៅតាមអ្វីដែលខ្លួនមាន ក្នុងទម្រង់កញ្ចប់ថវិកា និងបន្ដផ្ដល់ជួយ ដល់បណ្ដាលពលករ ដែលងាយរងគ្រោះ និងបានរងគ្រោះ ដោយសារជំងឺឆ្លងកូវីដ-១៩។
ចំពោះវិស័យឯកជនវិញ បណ្ឌិត ឆេង គីមឡុង បានប្រាប់ថា វិស័យឯកជន ក៏ដូចជាប្រជាជនសហគមន៍ទូទៅ ដែលងាយរងគ្រោះ និងបានរងគ្រោះ ដោយសារតែជំងឺឆ្លងកូវីដ-១៩ គួរតែបន្ដទទួលនូវការឧបត្ថម្ភ ដូចជា ហរិញ្ញវត្ថុ និងប្រព័ន្ធគាំពារផ្សេងៗ។
លើសពីនោះទៀត អ្នកវិភាគសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់ថា បុគ្គលម្នាក់ៗ ជាអាជីវកម្មខ្នាតគ្រួសារក៏ដោយ ខ្នាតតូចក៏ដោយ ជាផ្នែកឯកជនទូទៅក៏ដោយ គួរតែគិតគូររកវិធីសាស្ដ្រ ក្នុងការទប់ស្កាត់ការ ឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងត្រូវសម្របខ្លួន ឲ្យស្របតាមបរិបទនេះ។
បណ្ឌិត ឆេង គីមឡុង បញ្ជាក់ថា កិច្ចការងារសំខាន់ចំពោះមុខ ក្នុងកាលៈទេសៈ «ព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភៈ»នេះ រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជន គួរតែចូលរួម និងធ្វើយ៉ាងណាឲ្យសន្ទុះ នៃការរីករាលដាល ស្ថិតនៅក្រោមសភាពការណ៍មួយ ដែលអាចគ្រប់គ្រងបាន៕