(ភ្នំពេញ)៖ រឿងរ៉ាវរថយន្តដឹកអង្ករពីព្រំដែននៃប្រទេសវៀតណាម យកទៅលក់នៅប្រទេសថៃ ផ្ទុកលើសទម្ងន់រហូតជាង ៦០តោន ធ្វើអោយប៉ះពាល់និងខូចខាតកំណាត់ស្ពានអ្នកលឿង កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ ឥឡូវនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី ស ខេង និងសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នាំគ្នាបញ្ចេញប្រតិកម្ម និងបញ្ជាឲ្យសមត្ថកិច្ចតាមចាប់រថយន្ត និងអ្នកបើកបរយកមកវិញរួចមក។
បានជាមិនទាន់ស្ងប់ស្ងាត់ ព្រោះតែក្រោយកើតករណីនេះមក គេដឹងថាប្ដីរបស់អ្នកស្រីបុប្ផា ដែលជាថៅកែរថយន្តដឹកអង្ករលើសទម្ងន់នោះ គឺជាមន្ត្រីនៅក្រសួងសាធារណការ មានតួនាទីជាអនុប្រធានមន្ទីរសាធារណការខេត្តរតនគិរី និងជាប្រធានក្រុមជញ្ជីងថ្លឹង រកបទល្មើសរថយន្តផ្ទុកលើសទម្ងន់ថែមទៀតផង។ ទំនងដោយសារតែអាងប្ដីកាន់ខាងជញ្ជីងថ្លឹងរថយន្ត រកបទល្មើសផ្ទុកលើសទម្ងន់ស្រាប់ហើយមើលទៅ បានជាចែបុប្ផាដែលជាប្រពន្ធរកស៊ីដឹកលើសទម្ងន់ មិនខ្លាចច្បាប់ មិនខ្លាចខូចផ្លូវបែបនេះ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ មានរថយន្តយីឌុបមួយគ្រឿងដែលផ្ទុកអង្ករពេញ ដោយគេអះអាងថាមានទម្ងន់ជាង ៦០តោន បានបើកតាមផ្លូវជាតិលេខ១ ឆ្លងកាត់លើស្ពានអ្នកលឿន ហើយដោយសារតែរថយន្តផ្ទុកធ្ងន់លើសចំណុះខ្លាំងពេក ប្រឹងបើកឡើងស្ពានមិនរួច ក៏ខូចនៅលើស្ពានបណ្ដាលឲ្យស្រុតខូចកៅស៊ូក្រាល។ ក្រោយមកដោយមានការចរចាសម្របសម្រួលគ្នា សមត្ថកិច្ចក៏អនុញ្ញាតឲ្យរថយន្តបើកបន្តទៅមុខទៀត ជាថ្នូរភាគីរថយន្តជួសជុលស្ពានដែលខូចសងវិញ។
រឿងរ៉ាវត្រូវបានបញ្ចប់ តែសាធារណជនមិនអស់ចិត្តឡើយ ព្រោះតែមួយរយៈកន្លងមក មានរថយន្តធុនធំៗផ្ទុកលើសទម្ងន់ជាច្រើន បានបើកបរធ្វើអោយខូចផ្លូវខូចស្ពានជារើយៗ ខណៈនៅតាមដងផ្លូវគេដឹងថា ក្រសួង និងមន្ទីរសាធារណការ បានដាក់ជញ្ជីងសម្រាប់ថ្លឹងរកបទល្មើសរថយន្តផ្ទុកលើសទម្ងន់ ស្ទើរគ្រប់ផ្លូវ និងដងផ្លូវខ្លះដាក់រហូតដល់ពីរបី កន្លែងក៏មានដែរ។ អ្វីរឹតតែធ្វើអោយមហាជនមិនអស់ចិត្តទៀតនោះ គឺក្រោយពីគេដឹងថាប្ដីរបស់ស្ត្រីម្ចាស់រថយន្តផ្ទុកលើសទម្ងន់ ធ្វើអោយខូចស្ពានអ្នកលឿង គឺជាមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងជាប្រធានក្រុមជញ្ជីងថ្លឹងថែមទៀត រឿងអីដែលមន្ត្រីដូចគ្នាមិនយោគយល់គ្នានោះ។
គេឆ្ងល់ថា តាមច្បាប់ការផ្ទុកលើសទម្ងន់កំណត់បើកបរលើផ្លូវជាតិ ពេលសមត្ថកិច្ចត្រួតពិនិត្យឃើញ គឺម្ចាស់រថយន្តនឹងរងនូវការផាកពិន័យធ្ងន់ធ្ងររហូតរាប់សែន រាប់លានរៀលឯណោះ។ ចុះហេតុអ្វីបានជាម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់ភាគច្រើនមិនរៀងចាល នៅតែបន្តដឹកលើសទម្ងន់ដដែលបែបនេះ។ ជាក់ស្ដែងគ្រាន់តែកំណាត់ផ្លូវជាតិលេខ១ ពីអ្នកលឿងមកភ្នំពេញ កន្លែងជញ្ជីងថ្លឹងទម្ងន់មានដល់ទៅ ២កន្លែងឯណោះ ដោយមួយនៅគល់ស្ពានអ្នកលឿងត្រើយខាងលិច និងមួយទៀតនៅជិតផ្លូវចូលរោងចក្រស្រាបៀរថៃហ្គ័រ ព្រែកឯង ឬមួយក៏អ្នករកស៊ីដឹកលើសទម្ងន់ទាំងអស់នោះ សុទ្ធតែបង់ខែជូនមេៗជញ្ជីងអស់ហើយ បានជាពួកគេមិនខ្លាចច្បាប់ដូច្នេះ..!៕