(សៀមរាប)៖ វិបត្តិជំងឺកូវីដ១៩ មិនអាចបញ្ឈប់បេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរ ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាពរបស់ខ្លួនឡើយ។ នេះជាចំណងជើងនៃខ្លឹមសារអត្ថបទព័ត៌មានដែលផ្សព្វផ្សាយដោយមន្ទីរពេទ្យកុមារអង្គរ ដែលមានបេសកកម្មព្យាបាលកុមារក្រីក្រកម្ពុជាដោយឥតគិតថ្លៃប្រមាណ២០ឆ្នាំមកហើយនោះ។

ទោះបីឆ្នាំ២០២០ ដែលសាកលលោករងវិបត្តិធ្ងន់ធ្ងរ ក្នុងនោះធ្វើឱ្យជំនួយមួយផ្នែកធំរបស់មន្ទីរពេទ្យអង្គរ បាត់បង់យ៉ាងណាក្ដី តែថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យនេះ មិនព្រមបោះបង់ចោលអ្នកជំងឺជាកុមារ ដែលត្រូវការការព្យាបាលនោះឡើយ។

យោងតាមរបាយយការណ៍របស់មន្ទីរពេទ្យកុមារអង្គរ នៅក្នុងរយៈពេល៦ខែចុងក្រោយ នៃឆ្នាំ២០២០ ផលប៉ះពាល់ដែលបានកើតឡើងមានទាំងវិជ្ជមាន និងអវិជ្ជមាន មកលើសុខភាពរបស់កុមារកម្ពុជា។

យោងតាមកំណត់ត្រារបស់មន្ទីរពេទ្យកុមារអង្គរ ចំនួនកុមារដែលមានជំងឺធ្ងន់ធ្ងរនៅតែមានចំនួនច្រើនដដែល ស្របពេលជាមួយគ្នានេះ ចំនួនកុមារដែលមានជំងឺកង្វះអាហារូបត្ថម្ភនៅតាមសហគមន៍ក៏កើនឡើងផងដែរ។ យោងតាមឯកសារ The Socioeconomic Impacts of COVID-19 in Cambodia អាណាព្យាបាលចំនួន ៦០%ដែលមានកូនខ្វះអាហារូបត្ថម្ភ បានកាត់បន្ថយការចំណាយលើអាហារ ដោយសារតែបាត់បង់ប្រាក់ចំនូលប្រចាំថ្ងៃ។ ក្រៅពីផលប៉ះពាល់ផ្ទាល់លើសុខភាពកុមារ ជំនួយមូលនិធិរបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ក៏មានការធ្លាក់ចុះផងដែរ ដែលបង្ខំឱ្យមន្ទីរពេទ្យត្រូវតែកាត់បន្ថយសកម្មភាពមួយចំនួន ឬពន្យារពេលសិន។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ បានលើកឡើងថា «ឥទ្ធិពលកូវីដ១៩ គឺជារលកមួយដែលសង្គមយើងទាំងមូលត្រូវយកចិត្តទុក្ខដាក់។ សុខភាពរបស់កុមារមានសារៈសំខាន់ណាស់ ដូច្នេះវាគឺជាកាតព្វកិច្ចរបស់យើងដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះ ជាពិសេសកុមារងាយរងគ្រោះនៅតាមតំបន់ក្រីក្រដែលពុំមានលទ្ធភាព»

«ជាមួយនឹងផលប៉ះពាល់ជាអវិជ្ជមាន យើងក៏សង្កេតឃើញផលវិជ្ជមានមួយចំនួន ដូចជាឥរិយាបថរបស់ប្រជាជនកម្ពុជា មានការផ្លាស់ប្តូរទំលាប់ដែលទាក់ទងទៅនឹងអនាម័យ ជាពិសេសគឺការអនុវត្តន៍លាងសំអាតដៃ និងការសម្អាតលំនៅដ្ឋានដែលជាកត្តាបញ្ឈប់ការឆ្លងរាលដាលនៃជំងឺកូវីត ១៩ បន្ទាប់ពីការអប់រំផ្សព្វផ្សាយស្តីអំពីការការពារការជំងឺនេះនៅតាមសហគមន៍»។ នេះបើយោងតាមសម្តីរបស់លោក ភឿក អមរា អនុប្រធានការិយាល័យសុខភាពសហគមន៍ នៃមន្ទីរពេទ្យកុមារអង្គរ។

ការផ្លាស់ប្តូរឥរិយាបថខាងលើនេះ បានជួយការពារជំងឺផ្សេងៗទៀតយ៉ាងច្រើន មានដូចជាជំងឺរាគរូស ជំងឺប៉ារ៉ាស៊ីត ជំងឺផ្លូវដង្ហើម ជាដើម ដែលនេះគឺជាវិធីសាស្ត្រដ៏សំខាន់ក្នុងការការពារសុខុមាលភាពកុមារ និងទារក។ បើក្រឡេកមកមើលលើសកម្មភាពរៃអង្គាសថវិកាវិញ ថ្វីត្បិតការស្វែងរកជំនួយមូលនិធិមានភាពលំបាកយ៉ាងណាក៏ដោយ ក៏ការខិតខំប្រឹងប្រែងរបស់នៅតែបន្ត។

នៅចុងឆ្នាំ២០២០ ព្រឹត្តិការណ៍រៃអង្កាសដ៍ធំមហិមា «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដែលផ្តួចផ្តើមឡើងដោយ តារាចម្រៀងសាយ បានប្រមូលថវិកាពីប្រជាជនកម្ពុជា បានជិត៥០ម៉ឺនដុល្លារ ដែលជាសកម្មភាពមួយបង្ហាញមុខមាត់មន្ទីរពេទ្យកុមារអង្គរ ឲ្យកាន់តែមានការស្គាល់កាន់តែច្បាស់ពីសំណាក់សាធារណៈជន ក្នុងប្រទេសកម្ពុជា។

ជាងនេះទៅទៀត ក៏មានក្រុមហ៊ុនអាជីវកម្មនិងសប្បុរសជនមួយចំនួនដែលពុំធ្លាប់ផ្តល់ជំនួយមកកាន់មន្ទីរពេទ្យ ក៏ចាប់ផ្តើមប្រមែប្រមូលកៀងគ មូលនិធិដើម្បីជួយឲ្យមន្ទីរពេទ្យកុមារអង្គរ អាចបន្តបេសកកម្មរបស់ខ្លួនក្នុងឆ្នាំ ២០២០ បានតទៅមុខទៀត។ នេះគឺជារូបភាពដ៏ប្រពៃថ្លៃថ្លា បង្ហាញពីសាមគ្គីភាព វប្បធម៌ចែករំលែក ខ្មែរជួយខ្មែរ របស់ប្រជាជនខ្មែរ នៅក្នុងការអភិវឌ្ឍន៍សង្គមជាតិយើង។

គួរបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរតែងតែទទួលពិនិត្យ ព្យាបាលកុមារចាប់ពីទើបកើតរហូតដល់ ១៦ឆ្នាំ ដោយជាមធ្យម មានកុមារមកកាន់មន្ទីរពេទ្យប្រមាណ ៤០០នាក់ក្នុងមួយថ្ងៃ។

សម្រាប់ឆ្នាំថ្មី២០២១នេះ បន្ថែមលើការពិនិត្យព្យាបាលថែទាំកុមារប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា ថ្នាក់ដឹកនាំនិងបុគ្គលិក ក៏បានរៀបចំផែនការត្រៀម ដើម្បីកាត់បន្ថយនូវកំនើនជំងឺកង្វះអាហារូបត្ថម្ភ និងបញ្ហាសុខភាពផ្សេងៗទៀត ដោយសកម្មភាពមួយចំនួនដូចជា ការផ្តល់ជំនួយហិរញ្ញវត្ថុដល់អាណាព្យាបាលក្រីក្រដែលមកកាន់មន្ទីរពេទ្យ ការចុះអប់រំសុខភាពបឋមនៅតាមសហគមន៍គោលដៅថ្មីៗ និងការពិនិត្យតាមដានបន្តទៀតនៅក្នុងសហគមន៍ចាស់ៗ។

ក្រៅពីនេះ មន្ទីរពេទ្យកុមារអង្គរ ក៏បាននិងកំពុងផ្តល់ការបណ្តុះបណ្តាលអប់រំជាច្រើនទៀត អំពីការត្រួតពិនិត្យនិងការពារការចម្លងរោគ (Infection Prevention and Control – IPC) ដល់បុគ្គលិករបស់មន្ទីរពេទ្យដល់ទៅ ៩៣.៥% នៃការអនុវត្តន៍អនាម័យលាងសម្អាតដៃ ការការពារជំងឺឆ្លងផ្សេងៗ និងរៀបចំឡើងវិញនូវការចុះកម្មសិក្សាបណ្តុះបណ្តាលរបស់និស្សិតពេទ្យ មន្ត្រីសុខាភិបាលដើម្បីបន្តការសិក្សា បន្ទាប់ពីបានអាក់ខានអស់រយៈពេល ១ឆ្នាំកន្លងមកដោយសារតែបញ្ហាជំងឺកូវីដ១៩នេះ។ ចំណែកឯកិច្ចការនៅក្នុងសហគមន៍វិញ មន្ទីរពេទ្យកុមារអង្គរ នឹងចាប់ផ្តើមកម្មវិធីអប់រំសុខភាពនៅក្នុងតំបន់គោលដៅថ្មី គឺស្រុកស្រីស្នំនៃខេត្តសៀមរាប។

តាមរយៈសកម្មភាព និងយុទ្ធសាស្ត្រទប់ស្កាត់ជាច្រើនទៀត មន្ទីរពេទ្យកុមារអង្គរ ពិតជាបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ នៅក្នុងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការការពារ និងថែទាំសុខភាពរបស់ប្រជាជនកម្ពុជា ជាពិសេសកុមារ ដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិកម្ពុជា៕