(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌុច គន្ធា អភិបាលរងខេត្ត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះបានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់រដ្ឋបាលស្រុក និងប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័ក នៅស្រុកពាមរក៍ ដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ចំនួន៥៨៦នាក់។
ក្នុងឱកាសនោះដែរ ប្រធានក្រុមប្រឹក្សាខេត្តបានណែនាំដល់រដ្ឋបាលស្រុក ឃុំ ត្រូវយកចិត្តទុកដាក់នៅចំណុចដែលមានការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ដែលទាក់ទង និងបុគ្គលឈ្មោះ អ៉ឹម សុភី ត្រូវយកសំណាក ទៅពិនិត្យឱ្យបានគ្រប់ៗគ្នា និងសហការជាមួយកម្លាំងសមត្ថកិច្ច មិនត្រូវឱ្យប្រជាពលរដ្ឋចេញចូលតំបន់ដែលត្រូវបិទនោះឡើយ។
លោកក៏បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តិទុកដាក់ថែទាំសុខភាព រស់នៅដោយមានអនាម័យជាប្រចាំ ពិសេសគឺគោរពតាមប្រសាសន៍របស់សម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺអនុវត្តន៍វិធានការ៣ការពារ ទៅណាមកណាពាក់ម៉ាស លាងដៃជាប្រចាំ ជាមួយអាល់កុលជែល រស់នៅដោយរក្សាគម្លាតសង្គម និងអនុវត្តវិធានការ ៣កុំ និង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យកើតមានក្នុងគ្រួសារ និងសហគមន៍បន្តទៀត ។
សូមបញ្ជាក់ថា នៅស្រុកពាមរក៍ មានអ្នកវិជ្ជមានកូវីដ-១៩ សរុប៣០នាក់ ស្រី១៦នាក់ ប្រជាពលរដ្ឋដែលពាក់ព័ន្ធឈ្មោះ អ៊ឹម សុភី បានយកសំណាកទៅពិនិត្យមានចំនួន ៤៣៩នាក់ ស្រី២៣៦នាក់ ប្រជាពលរដ្ឋបានធ្វើចត្តាឡីស័កសរុបចំនួន ៥៨៦នាក់ ស្រី២៦១នាក់។
សម្ភារ និងថវិកាជូនសាលាស្រុកពាមរក៍ រួមមានអង្ករ១,៥០០គីឡូក្រាម, មី១២៥កេស, ទឹកសុទ្ធ១០០យួរ, ម៉ាស ៥៧ប្រអប់ ជែល២កេស និងថវិកា៥០០,០០០រៀល ជូនរដ្ឋបាលឃុំចំនួន៤ ថវិកា ៣,០០០,០០០រៀល ជូនអ្នកប្រចាំការគោលដៅហាមឃាត់ ៣គោលដៅ នូវថវិកា៨០០,០០០រៀល ជូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័ក២៧នាក់ ម្នាក់ៗ មី១កេស ទឹកសុទ្ធ១យួរថវិកា ២០,០០០រៀល សរុបថវិកាអស់ចំនួន ៥,២០០,០០០រៀល៕