(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពាក់ព័ន្ធនារីម្នាក់ ដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ កក្កដា សោភ័ណ្ឌ មានវិជ្ជមានកូវីដ-១៩ និងបានមកលេងមិត្តភក្តិ នៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ទីតាំងមួយចំនួន ដែលនារីខាងលើ បានធ្វើដំណើរទៅ រួមមាន៖
*នៅថ្ងៃសុក្រ ទី១២ ខែ មីនា ឆ្នាំ ២០២១ ពេលរសៀល បានមកហាង «ណូណាស៊ីហ្វូត លក់គ្រឿងសមុទ្រ» នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយនៅថ្ងៃនោះ ក្នុងហាងក៏មានមនុស្សជាច្រើន ចូលហូបអាហាររួមទាំងម្ចាស់ហាងផងដែរ
*នៅថ្ងៃដដែលនោះ ក៏បានទៅលេងផ្ទះមិត្តភក្តិ នៅទីតាំងក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខាងក្រោយបញ្ជាការដ្ឋានកងអាវុធហត្ថខេត្តកំពង់ស្ពឺ
*នៅពេលរាត្រី បានទៅហាងនៅផ្សាររាត្រី នាមាត់ស្ទឹងព្រែកត្នោត ភូមិទូលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន
*នៅថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤៖០០ រសៀល បានចូលហាងកាហ្វេអាម៉ាហ្សូន (Amazon) នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈPTT ស្ថិតនៅក្នុងសង្កាត់រកាធំ ក្រុងច្បារមន
*នៅថ្ងៃដដែល វេលាម៉ោង ១៦៖០០រសៀល បានទៅញ៉ាំអាហារ នៅហាងម៉ែប៉ុកឬស្សី ស្ថិតនៅក្នុងភូមិបិល ឃុំស្គុះ ស្រុកសំរោងទង
*នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១ ក៏បានធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ។
ពាក់ព័ន្ធនឹងករណីខាងលើ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចាត់តាំងក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ព្រមទាំងក្រុមការងារនៃគណៈកម្មការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩របស់ខេត្ត ចុះទៅធ្វើការណែនាំ និងបានយកអ្នកពាក់ព័ន្ធមួយចំនួនទៅធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ និងយកសំណាកទៅពិនិត្យ ព្រមទាំងធ្វើការផ្អាកជាបណ្តោះអាសន្ននូវទីតាំង ដូចបានបញ្ជាក់ខាងលើ ជាបណ្តោះអាសន្ន។
ទន្ទឹមនេះ ក្រុមការងារកំពុងបន្តស្រាវជ្រាវ និងតាមដានស្វែងរកព័ត៌មានបន្ថែម ដើម្បីកំណត់អ្នកពាក់ព័ន្ធផ្សេងទៀត៕