(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្លាំងនគរបាលខេត្ត ដែលមានឈ្មោះនៅក្នុងបញ្ជី ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ សូមទៅចូលរួមចាក់ឱ្យបានគ្រប់គ្នា ព្រោះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩លើកទី១ នឹងបញ្ចប់ត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះថា ចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានទៅចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មានចំនួន ១,៦០៧នាក់ ហើយអ្នកដែលបានចាក់វ៉ាក់សាំងរួចមានចំនួន ១,៤៣៨នាក់។

លោកវេជ្ជបណ្ឌិត គួង ឡូ បានបញ្ជាក់ទៀតថា ចំពោះអ្នកដែលបានចុះឈ្មោះហើយមិនបានចាក់វ៉ាក់សាំងនោះ គឺមកពីកត្តាសុខភាពដែលពេលគាត់មកជួបគ្រូពេទ្យ បន្ទាប់ពីធ្វើការពិនិត្យសុខភាព និងធ្វើការសួរនាំ គឺមិនអាចចាក់វ៉ាក់សាំងបានគឺមានចំនួន១៦៩នាក់ ក្នុងនោះរួមទាំងស្ត្រីអ្នកមានផ្ទៃពោះផង។ វ៉ាក់សាំងកូវីដ.១៩ ដែលមន្ទីរសុខាភិបាលខេត្តព្រះវិហារទទួលបានពីក្រសួងសុខាភិបាលមានចំនួន ៤,២០០ដូស តាមផែនការគឺចាក់បានចំនួន ២,១០០នាក់។

លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានប្រកាសដល់មន្ត្រីត្រូវចាក់តាមគោលការណ៍របស់ក្រសួងសុខាភិបាលដូសទី១ នឹងបញ្ចប់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ហើយការផ្តើមចាក់វ៉ាក់សាំងដូសទី២ ក៏នឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ខាងមុខនេះផងដែរ៕