(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងនាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford ប្រចាំកម្ពុជា បានឧបត្ថម្ភក្នុងការរៀបចំសន្និសិទកាសែត ស្ដីពីព្រឹត្តិការណ៍ ការប្រកួតកីឡាទោចក្រយាន ប៉ែកបូព៌ាប្រទេសកម្ពុជា២០១៦ នៅអគារតាំងបង្ហាញរថយន្ត Ford ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្រោមអធីបតីភាពរបស់ លោក ញឹម ខេមរា អនុប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន លោក អ៊ុង សិទ្ធិជាតិ អគ្គនាយកកីឡានៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ញ៉ែម រិទ្ធី ដែលជាតំណាងក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។
ក្រុមហ៊ុន អ អិម អេ ខេមបូឌា(RMA Cambodia) បានសហការជាមួយសហព័ន្ធកីឡាទោចក្រយាន ក្នុងគោលបំណងចង់ពង្រីកនូវសមត្ថភាពកីឡាករ-ការិនី រក្សាកំលាំងកំណត់ និងល្បឿនឋេរ តាមរយៈការជិះប្រណាំងផ្លូវឆ្ងាយ ឲ្យទទួលបានអារម្មណ៍ជាធម្មតា ដើម្បីផ្ដល់នូវបទពិសោធន៍ល្អៗ ក្នុងការត្រៀមខ្លួនប្រកួតខ្នាតអន្តរជាតិ។ ជាមួយគ្នានេះដែរ សហព័ន្ធកីឡាទោចក្រយាន បានសម្រេចដាក់ចេញនូវវិញ្ញាសារ មួយក្នុងការជិះកង់ ០៥កំណាត់ផ្លូវ ដែលមានប្រវែងសរុប ៤៧០គម រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃ ០៤ ដល់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៦ កាត់បណ្ដាខេត្ត-ក្រុងចំនួនប្រាំមួយ ប៉ែកបូព៌ាប្រទេស រួមមានរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកណ្ដាល។
ការប្រលងប្រណាំងនេះ មានការចូលរួមដោយកីឡាករ-ការិនីចំនួន ៤០នាក់ ក្នុងនោះមាននារីចំនួន០៥នាក់ គណៈកម្មការបច្ចេកទេសចំនួន១៥រូប ម៉ូតូចំនួន០៥គ្រឿង រថយន្តចំនួន០៥គ្រឿង សម្រាប់អមក្បួន និងមានផែនទីប្រណាំងជូនភ្ជាប់មកជាមួយ ដើម្បីជ្រើសរើសកីឡាករ-ការិនីត្រៀមបំរុងតាមការចាំបាច់។ សមាគមកង់ដែលចូលរួម រួមមាន៩ សមាគម ដូចជា ក្លិបកង់តាខ្មៅ ក្លិបកង់សកលវិទ្យាល័យធនធានមនុស្ស ក្លិបកង់ខេត្តកណ្ដាល ក្លិបកង់មេគង្គ ក្លិបឫទ្ធិសែន ក្លិបកង់ហោះ ក្លិបកង់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លិបកង់ខេត្តបាត់ដំបង និងក្លិបកង់អង្គរសាយគ្លីង។
គួរបញ្ជាក់ផងដែរថា ការប្រកួតនេះក៏មានការចូលរួម ឧបត្ថម្ភពីសំណាក់ ក្រសួងមហាផ្ទៃ (អគ្គភស្តុភារ) សាលារាជធានីភ្នំពេញ សាលាខេត្តកំពង់ចាម សាលាខេត្តត្បូងឃ្មុំ សាលាខេត្តព្រៃវែង សាលាខេត្តស្វាយរៀង សាលាខេត្តកណ្តាល និង ក្រុមហ៊ុន G-Pas ផងដែរ៕