(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាស្ត្រីអ្នកនាំពាក្យដ៏លេចធ្លោរបស់ក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ថា ក្រសួងសុខាភិបាលកំពុងពិចារណា បង្ហាញអត្តសញ្ញាណបុគ្គលវិជ្ជមានកូវីដ១៩ បើពួកគេមិនស្មោះត្រង់ក្នុងការបង្ហាញព័ត៌មានពាក់ព័ន្ធ។
ក្នុងសន្និសីទសារព័ត៌មានបំភ្លឺលើការបង្កើតច្បាប់ស្ដីពី «វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីឱ្យអ្នកពាក់ព័ន្ធទៅយកសំណាករកមេរោគ។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងដូចនេះថា «ចំណុចអត្តសញ្ញាណនេះយើងកំពុងតែពិភាក្សាគ្នា ប៉ុន្តែអ្វីដែលសំខាន់បើមិនចង់ឱ្យក្រសួងបង្ហាញអត្តសញ្ញាញ សុំឱ្យបងប្អូនទាំងអស់មានភាពស្មោះត្រង់។នៅពេលក្រុមគ្រូពេទ្យសួរនាំបងប្អូន សុំបង្ហាញមក កុំលាក់ ពីព្រោះកន្លងមកមានបុគ្គលមួយចំនួនគាត់លាក់ គាត់មិនហ៊ាន និយាយទេ គាត់ទៅកន្លែងនេះ ទៅកន្លែងនោះ គាត់ជួបអ្នកនេះ ជួបអ្នកនោះ គាត់មិនហ៊ានប្រាប់ទេ។ យើងខ្ញុំមិនដឹងមូលហេតុអីបានគាត់មិនហ៊ានប្រាប់នោះដែរ។ អ៊ីចឹងបើសិនជាបងប្អូនមិនព្រមសហការផ្តល់នូវព័ត៌មានពេញលេញ សម្រាប់ការងាររបស់ក្រុមការរងាររុករកស្រាវជ្រាវនេះ ក្រសួងសុខាភិបាលគ្មានជំរើសណាក្រៅពីបង្ហាញអត្តសញ្ញាណរបស់បុគ្គលនោះ តែមិនមែនទាំងអស់នោះទេ»។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា នៅពេលនេះគឺត្រូវតែប្រកាន់យកនូវវិធានការណាមួយហើយ ដើម្បីថ្លឹងថ្លែងពីផលប្រយោជន៍របស់បុគ្គល ជាមួយផលប្រយោជន៍របស់សង្គម ផលប្រយោជន៍របស់មនុស្សរាប់លាននាក់ ដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ដែលកន្លែងនេះគឺត្រូវតែថ្លឹងថ្លែងហើយ ចង់មិនឫចង់ ក្រសួងនឹងគិតគួរពីបញ្ហានេះនៅពេលខាងមុខ។
ប៉ុន្តលោកស្ត្រីបានបញ្ជាក់ថា ប្រសិនជាបុគ្គលទាំងអស់អនុវត្តន៍បានត្រឹមត្រូវ ហើយស្ថានភាពចេះតែថយចុះ ហើយឈានទៅដល់ក្រសួង អាចទប់ទល់ស្កាត់បានមិនឱ្យមានការចម្លងជំងឺនេះទៀត ការបង្ហាញអត្តសញ្ញាណនេះ គឺមិនមានភាពចាំបាច់នោះទេ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,៣២៥នាក់។ ក្នុងនោះអ្នកដែល ឆ្លងក្នុងព្រឹត្តិការណ៍២០កុម្ភៈ សរុបចំនួន ៨១០នាក់ ស្រីចំនួន៣៧៨ និងបុរស៤៣២។
អ្នកជាសះស្បើយចំនួន ៧៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥៩២នាក់, ស្លាប់ដោយសារកូវីដ១៩ម្នាក់ និងពីរនាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរ ឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕