(តាកែវ)៖ លោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរសម្រេចបិទភូមិក្រាំងលាវ ឃុំរវៀង ទាំងមូលមិនឱ្យមានការចេញចូលនោះទេ បន្ទាប់ពីអ្នកផ្ទុកជំងឺកូវីដ-១៩ ម្នាក់ឈ្មោះ កក្កដា សោភ័ណ្ឌ បានមកចូលរួមពិធីអាពាហ៍ពិពាហ៍អ្នកភូមិកាលពីថ្ងៃទី១១ ខែមីនាថ្មីៗនេះ។
លោក កេត ម៉ៅ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាជ្ញាធរសម្រេចបិទភូមិទាំងមូល មិនឱ្យមានការចេញចូលជាបណ្ដោះអាសន្ន ហើយចំពោះមនុស្សចំនួន២៥នាក់ ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ត្រូវបានមន្រ្តីសុខាភិបាលយកសំណាកទៅពិនិត្យរកជំងឺកូវីដ-១៩ និងបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃផងដែរ ដោយឡែកសម្រាប់អ្នកប៉ះពាល់ ដោយប្រយោលមានចំនួនជាង ៣៥៥នាក់ ក៏ត្រូវបានអាជ្ញាធរណែនាំឱ្យធ្វើចត្តាឡីស័កផងដែរ»។
ក្រៅពីអ្នកភូមិដែលប៉ះពាល់ផ្ទាល់ និងប្រយោល លោកអភិបាលស្រុកសំរោង ក៏បានធ្វើការណែនាំដល់មន្រ្តីមូលដ្ឋាន ឱ្យធ្វើការណែនាំដល់បងប្អូនកម្មករ កម្មការរិនីរោងចក្រមួយចំនួន ដែលបានចូលរួមក្នុងពិធីមង្គលការ ដែលអ្នកជំងឺកូវីដ-១៩ ត្រូវផ្អាកចេញទៅធ្វើការពោល គឺត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ជៀសវាងទៅធ្វើការ ដែលនាំឱ្យមានការឆ្លងរីករាលដាល នៅក្នុងរោងចក្រដែលខ្លួនធ្វើការ។
ជុំវិញករណីនេះ អភិបាលខេត្តតាកែវ លោក អ៊ូច ភា នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ បានចុះណែនាំដល់អាជ្ញាធរស្រុកសំរោង និងស្រុកបាទី ដែលមានមនុស្សប៉ះពាល់ផ្ទាល់ និងដោយប្រយោល ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានចូលរួមពិធីមង្គលការនៅក្នុងស្រុកសំរោង ដោយបានបញ្ជាដល់អាជ្ញាធរស្រុកឱ្យបិទជាបណ្ដោះអាសន្ន នៅទីតាំងមួយចំនួនដែលអ្នកជំងឺកូវីដ-១៩ បានធ្វើដំណើរទៅលេងមុននឹងចូលរួម នៅក្នុងពិធីមង្គលការ ដោយជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសអាជ្ញាធរត្រូវធ្វើការស្រាវជ្រាវ ឱ្យបានច្បាស់លាស់ចំពោះអ្នកប៉ះពាល់ផ្ទាល់ ដើម្បីយកសំណាកពួកគេ ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ និងត្រូវណែនាំឱ្យអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលត្រូវធ្វើចត្តាឡីស័ក ឱ្យគ្រប់ចំនួន១៤ថ្ងៃ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ និងថ្ងៃទី១២ ថ្មីៗនេះ បុគ្គល កក្ដដា សោភ័ណ្ឌ បានមកចូលរួមពិធីមង្គលការមិត្តភក្តិ របស់ខ្លួននៅក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលពិធីបង្គលការនេះ មានអ្នកចូលរួមប្រមាណ ៣០០នាក់។ បន្ទាប់ពីបានចូលរួមមង្គលការបានពីរថ្ងៃ បុគ្គលខាងលើបានទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរុស្សី ដែលលទ្ធផល គឺវិជ្ជមានជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ក្រោយបង្ហោះរូបភាព និងវីដេអូ ពីសកម្មភាពនានារបស់ខ្លួនតាមបណ្តាញ Facebook និងបណ្តាញ Tiktok ទីបំផុតបុគ្គល កក្កដា សុភ័ណ្ឌ នាថ្ងៃទី១៤ ខែមីនាម្សិលមិញ បានប្រកាសតាមហ្វេសប៊ុកផ្ទាល់ខ្លួនថា មាន «វិជ្ជមានកូវីដ១៩»៕