(ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាវ ស៊ីផាន បានព្រមានខ្លាំងៗដល់នាយនគរបាលប៉ុស្តិ៍ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលណាមួយ ពិសេសលោកអធិការខណ្ឌតែម្តង ស្នើត្រួតពិនិត្យ មើលមន្ត្រីណាមួយដែលមានការរើសអើងទៅលើប្រជាពលរដ្ឋ ខណៈបងប្អូន បានមកប្តឹង ឬរាយការណ៍តាមទូរស័ព្ទ ពាក់ព័ន្ធករណីគ្រឿងញៀន ករណីល្បែងស៊ីសងផ្សេងៗ និងចោរកម្មជាដើមត្រូវចុះទៅពិនិត្យមើក និងជួយអន្តរាគមន៍ភ្លាមៗ។
លោកអភិបាលបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា «ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ ខ្ញុំនឹងចាត់ការចំពោះប៉ុស្តិ៍រដ្ឋ បាលណាដែលនៅតែគឃ្លើនដាក់ប្រជាពលរដ្ឋពេលដែលពួកគាត់ផ្តល់ព័ត៌មានពាក់ព័ន្ធរឿងសន្តិសុខ ជាពិសេសបញ្ហាគ្រឿងញៀន និងល្បែងស៊ីសង ជាពិសេស លោកនាយប៉ុស្តិ៍តែម្តង ហើយបញ្ហាសណ្តាប់ធ្នាប់ ក៏ជារឿងដែលត្រូវយកចិត្តទុកដាក់ផងដែរ ដូចជា ការចតរថយន្តនៅលើស្ពានចាំចាប់ម៉ូយ ការបណ្តោយឲ្យរ៉ឺម៉កម៉ូតូឈប់ចាប់ម៉ូយពាសពេញផ្លូវ ដោយអស់លោកមិនរវល់រៀបចំសោះ»។
ការព្រមានខ្លាំងៗរបស់លោកអភិបាលខណ្ឌច្បារអំពៅ ធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី២នាព្រឹកថ្ងៃ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមវត្តមានលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ។ ក្រៅពីការព្រមានទៅលើប៉ុស្តិ៍រដ្ឋបាលនិងស្តីបន្ទោស ចៅសង្កាត់រួចមក លោក អ៊ាង ស៊ីផាន ក៏បានឆ្លើយតបទៅលើសំណើររបស់ក្រុមប្រឹក្សាខណ្ឌពាក់ព័ន្ធបញ្ហាគ្រឿងញៀន ល្បែងស៊ីសងនិង បញ្ហាសណ្តាប់ធ្នាប់សាធារណៈផងដែរ ដោយលោកអភិបាលបញ្ជាក់ថា «បញ្ហាគ្រឿងញៀន អាជ្ញាធរមិនបន្ធូរដៃទេ យើងខិតខំកាត់មែកធាងរបស់ក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀន ប៉ុន្តែយើងទទួលស្គាល់ថា មានការលំបាកក្នុងការបង្ក្រាប និងជារឿងក្តៅគគុកហើយក៏មិនមែនមានតែសង្កាត់ច្បារអំពៅទី២ទេ ពោលគឺគ្រប់កន្លែងដែលត្រូវចាត់វិធានការ» ។ «ការងារនេះធ្វើ ទៅបានគឺទាមទារឲ្យមានការចូលរួមទាំងអស់គ្នា សូមឲ្យរស់ត្រគៀកឡើង…កុំងាប់ត្រគៀកស្តូកទៀត…មិនមែនពឹងតែទៅលើកម្លាំងអាវុធហត្ថ កម្លាំងនគរបាល ឬកម្លាំងប្រជាការពារនោះ…ត្រូវធ្វើរួមគ្នា»។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា នាយប៉ុស្តិ៍រដ្ឋបាលខ្លះ ដូចស្តេចត្រាញ់អីចឹង ពេលប្រជាពលរដ្ឋរាយការណ៍ពីបញ្ហាបទល្មើស ម្តងៗ អស់លោកនគរបាលនោះ មិនទទួលបណ្តឹងទេ ថែមទាំងប្រើ សម្តីមិនសមរម្យទៅលើពួកគាត់ទៀត បើនៅតែមានចរិត បែបនេះខ្ញុំ នឹងមានវិធានការក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ ចាត់ការចំពោះនាយប៉ុស្តិ៍ រដ្ឋបាលនោះដែលនៅតែគឃ្លើនដាក់ប្រជាពលរដ្ឋ។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ ក៏បានលើករបៀបវារៈចំនួន៤ មកអនុម័តផងដែរ ដូចជាទី១- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅអាណត្តិទី២, ទី២- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅប្រចាំខែកុម្ភៈ ឆ្នាំ២០១៦, ទី៣-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការប៉ាន់ប្រមាណតម្រូវការរបស់ស្ថាប័នខណ្ឌច្បារអំពៅ ទី៤-ពិនិត្យនិងអនុម័តលើសេចក្តីព្រាង តារាងបែងចែកប្រាក់ រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវា សម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌច្បារអំពៅប្រចាំខែកុម្ភៈ ឆ្នាំ២០១៦ និងទី៥- បញ្ហាផ្សេងៗ៕