(កំពង់ស្ពឺ)៖ បុរសម្នាក់ដែលគេសង្ស័យថា មានបញ្ហាស្មារតី បានយកកាំបិតកាប់ប្រហារក្មេងអាយុ១ខួបម្នាក់ បណ្ដាលឲ្យរងរបួសត្រូវក្បាលធ្ងន់ធ្ងរ ស្លាប់ភ្លាមៗក្នុងថ្លុកឈាម។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិអំពិលផ្អែម ឃុំរលាំង ចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសជាឃាតកឈ្មោះ អៀង រ៉ាដូរ អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយត្រូវអ្នករស់នៅម្ដុំនោះអះអាងថា ជាមនុស្សមានបញ្ហាស្មារតី។ ដោយឡែកក្មេងប្រុសរងគ្រោះ ឈ្មោះ ភួង សុខណាន់ ត្រូវកូនរបស់របស់ស្ដ្រីឈ្មោះ ឃុន ស្រីនាង អាយុ២៥ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា មុនពេលកើតហេតុជនរងគ្រោះ ត្រូវបានឈ្មោះ តុញ ភេទស្រី អាយុ៧ឆ្នាំ ជាក្មួយស្រ្ដីជាម្ដាយជនរង គ្រោះពរដើរលេងនៅម្តុំមុខផ្ទះជនល្មើស ស្របពេលនោះជនល្មើស បានកាន់កាំបិតផ្គាក់ចេញពីក្នុងផ្ទះ រួចរត់សំដៅមកកាប់ជនរងគ្រោះ បណ្តាលឲ្យស្លាប់ហ្នឹងកន្លែងតែម្តង ដោយស្លាកស្នាមកាប់ត្រូវកខាងស្តាំ លើថ្ងាស។
ក្រោយធ្វើសកម្មភាព ជនល្មើសបានរត់ចូលក្នុងផ្ទះ បិតទ្វារដោយបម្រុងធ្វើសកម្មភាពដុតផ្ទះប្រជាពលរដ្ឋ និងសមត្ថកិច្ច បានចុះឡោមព័ទ្ធ និងមានកិច្ចអន្ដរាគមន៍ បន្ទាន់ពីក្រុមរថយន្ដសង្រ្គោះអគ្គិភ័យអធិការដ្ឋាននគរបាលស្រុកសំរោងទង និងរថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ប៉ុន្តែជនល្មើសបានសម្ងំលាក់ខ្លួនមិនព្រមចេញ ដោយស្ថានភាពមិនល្អ ជំនាញបានស្នើសុំយោបល់ សម្រេចប្រើប្រាស់មធ្យោបាយអាវុធ ដែលបំពាក់ក្បាលគ្រាប់ផ្សែងពុល ដើម្បីចូលចាប់ជនល្មើស។
នៅកន្លែងកើតហេតុ គេឃើញមានប្រជាពលរដ្ឋជាច្រើន បានកើតនូវការខឹងសម្បារយ៉ាងខ្លាំង ទៅលើជនល្មើស ដោយក្នុងដៃរបស់ពួកគាត់ប្រដាប់ដោយដំបង និងកាំបិទជាដើម ដើម្បីជួយចាប់ជាមួយសមត្ថកិច្ច ប៉ុន្ដែត្រូវសមត្ថកិច្ចណែនាំមិនឲ្យប្រើប្រាស់អំពើហិង្សា ទៅលើជនល្មើសនោះឡើយ។ ដោយឡែក របួសនៅត្រង់ករបស់ជនល្មើស គឺគេធ្វើសកម្មភាពអារ-ក ដោយខ្លួនឯង ក្រោយធ្វើសកម្មភាព។
បច្ចុប្បន្នក្រោយចាប់ខ្លួនភ្លាមៗ ជនដៃដល់ត្រូវបានកម្លាំងនគរបាលបញ្ជូន ទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងផ្ដន្ទាទោស តាមផ្លូវច្បាប់៕