(ព្រះសីហនុ)៖ ជនជាតិចិនម្នាក់បានស្លាប់នៅក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ។
រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា តាមការវាយតម្លៃបឋមរបស់គ្រូពេទ្យជំនាញបង្ហាញថា បុរសខាងលើមានជំងឺរលាកលំពែង និងសួតរ៉ាំរ៉ៃ ព្រមទាំងឡើងជាតិស្ករផងដែរ។
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសជនជាតិចិននេះមាន ឈ្មោះ RAO SHAOXING អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EH4480832 បានចូលមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានស្នាក់នៅ និងធ្វើចត្តាឡីស័កនៅបន្ទប់លេខ៩១៨ ក្នុងអគារស្នាក់នៅរួមរបស់បុគ្គលិកកាស៊ីណូ មួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០:៤២នាទី ដោយបុរសរូបនេះមានអាការៈហត់ និងចុះខ្សោយខ្លាំង ក៏ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ដោយពិនិត្យឃើញថាបុរសរូបនេះ មានអាការៈកាន់តែធ្ងន់ធ្ងរ ដូចនេះក្រុមគ្រូពេទ្យបានរៀបចំបែបបទដើម្បីបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ប៉ុន្តែដោយបុរសរូបនេះមានស្ថានភាពសុខភាព ចុះខ្សោយពេកទើបធ្វើឱ្យគាត់ទទួលមរណភាព នៅវេលាម៉ោង០១៖៤៣នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
បច្ចុប្បន្នសាកសពតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបានយកសំណាកទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីបន្តនីតិវិធី៕