(តាកែវ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមមានលោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខា កក្រក ខេត្តតាកែវ ផងដែរ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនលោកវរសេនីយ៍ត្រី កុយ ចន្ថន ជាអ្នកបើករថយន្ដយោធារបស់កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលបានរងរបួសធ្ងន់ធ្ងរក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ខណៈពេលដឹកពលករ មកពីព្រំដែនអូស្មាច់ទៅធ្វើចត្តាឡីស័កនៅខេត្តតាកែវ និងខេត្តកំពត។
ខណៈនេះកំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ រួមជាមួយពលករចំនួន ៥នាក់ ដែលបានរងរបួសកំពុងសម្រាកព្យាបាលនៅកន្លែងធ្វើចត្តាឡីស័ក នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
ជាមួយគ្នានេះ ក្រុមការងារ ក៏បានចុះសួរសុខទុក្ខ និងចែកអំណោយដល់អ្នកជំងឺធ្ងន់ធ្ងរចំនួន ១៣នាក់ផ្សេងទៀត ដែលត្រៀមវះកាត់ និងបានវះកាត់រួចក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ទៀតផង។
នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងចូលរួមសោកស្តាយចំពោះឧប្បទ្ទវហេតុដែលបានកើតឡើង។
ជាមួយគ្នានេះ លោកស្រីបានសម្តែងនូវអំណរគុណចំពោះពលីកម្មដ៏ធំេធងរបស់ កងកម្លាំង ជាពិសេសកងយោធពលខេមរភូមិន្ទ ក្នុងគ្រប់កាលៈទេសៈ បានលះបង់ ប្តូរផ្តាច់ ដេីម្បីការពារទឹកដី និងប្រជាជន ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។
ទន្ទឹមនឹងនេះ លោកស្រីបានផ្តាំផ្ញើសូមថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បេីយឡេីងវិញ។ បន្ថែមពីនេះ សូមប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករទាំងអស់ ចូលរួមអនុវត្តវិធានការចត្តាឡីស័ក ដែលជា វិធានការមុតស្រួច ដើម្បីទប់ស្កាត់និងផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ រួមជាមួយការអនុវត្តឱ្យបានខ្ជាប់ខ្ជួន ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនលោកវរសេនីយ៍ត្រី កុយ ចន្ថន ដែលរងរបួសធ្ងន់ធ្ងរ រួមមាន ទឹកដោះគោឆៅ មុង ភួយ សារុង ក្រមា អាវយឺត និងថវិកា ១០លានរៀល ។ ដោយឡែក ពលករ និងអ្នកជំងឺ ក្នុងម្នាក់ៗទទួលបាន ទឹកដោះគោឆៅ មុង ភួយ សារុង ក្រមា អាវយឺត និងថវិកា ២លានរៀល។
គួររំលឹកថា ៖ រថយន្ដយោធារបស់កងពលតូចដឹកជញ្ជូនលេខ៩៩ ដឹកពលករមកពីព្រំដែនអូស្មាច់ ដើម្បីធ្វើចត្តាឡីស័កនៅខេត្តតាកែវ និងខេត្តកំពត បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត បានបណ្តាលឱ្យមានអ្នករបួស ចំនួនធ្ងន់-ស្រាលចំនួន ១០នាក់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ម្សិលម៉ិញនេះ៕