(ភ្នំពេញ)៖ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ឆ្នាំ២០១៥កន្លងទៅ ខ្លួនបានចេញលិខិតអនុញ្ញាតឲ្យសាងសង់នៅទូទាំងប្រទេសចំនួន ២.៣០៥គម្រោង លើផ្ទៃដីជាង ៧លានម៉ែត្រការេ។ គម្រោងសាងសង់ជាង ២ពាន់គម្រោង ដែលអនុញ្ញាត ឲ្យសាងសង់នេះ មានទុនវិនិយោគប្រមាណ ៣,៣៣៨លានដុល្លារអាមេរិក កើន ៣៣,១ភាគរយ បើធៀបនិងឆ្នាំ២០១៤។
របាយការណ៍បានឲ្យដឹងផងដែរថា នៅក្នុងឆ្នាំ២០១៥ មានជនបរទេសទិញផ្ទះ ៤៨០ឯកតា (Units) ក្នុងមួយឯកតាតម្លៃជាមធ្យមប្រមាណ ១០ម៉ឺនដុល្លារ។ ផ្ទះ ដែលជនបរទេសទិញនេះ មានតម្លៃសរុបជាង ៤៨លានដុល្លារអាមេរិក។
របាយការណ៍បានឲ្យដឹងទៀតថា នៅឆ្នាំ២០១៥ វិស័យសំណង់ បានបង្កើតការងារជូនប្រជាពលរដ្ឋកើនឡើងទ្វេដង។ គិតជាមធ្យមវិស័យសំណង់នេះ បានផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណប្រមាណ ២០៨,២៩០នាក់ ទៅ ២៥១,៤៩០នាក់ក្នុងមួយថ្ងៃ។ ដោយឡែកនៅរាជធានីភ្នំពេញ មានចំនួនកម្មករប្រមាណពី ៩៦,៥០០នាក់ ទៅ ១០៨,៥០០នាក់ក្នុងមួយថ្ងៃ។
របាយការណ៍បន្តថា តាមរយៈការសិក្សាស្រាវជ្រាវតម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញក្នុងមួយថ្ងៃទទួលបាន ២៤,០០០រៀល ដល់ ៣៥,០០០រៀល កម្មករមានជំនាញ និងមេជាង ក្នុងមួយថ្ងៃទទួលបាន ៥០,០០០រៀល ដល់ ៦០,០០០រៀល។ ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត ទទួលបានបៀវត្សរ៍ពី ៣៥០ដុល្លារ ដល់ ២,០០០ដុល្លារអាមេរិក ក្នុងមួយខែ។
បើទោះបីជាយ៉ាងវិស័យសំណង់នេះ ក៏បានប្រឈមនឹងបញ្ហាប្រឈមមួយចំនួនផងដែរ មានដូចជា៖
- ម្ចាស់សំណង់មួយចំនួនបានដំណើរការសាងសង់ ដោយពុំសុំលិខិតអនុញ្ញាតសាងសង់ ឬសាងសង់មុនទទួលបានលិខិតអនុញ្ញាត ឬសាងសង់ខុសពីលិខិតអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច ដែលករណីនេះ បង្កឲ្យមានទំនាស់ជាមួយអ្នកជិតខាង ប៉ះពាល់ដល់សោភ័ណភាពទីក្រុង និងសុវត្ថិភាពសាធារណៈ។
- ម្ចាស់សំណង់មួយចំនួនពុំព្រមអនុវត្តតាមសេចក្តីណែនាំឲ្យកែលំអ និងកែតម្រូវបណ្តាលឲ្យមានការសាងសង់ខុសពីលិខិតអនុញ្ញាតជាអាទិ៍ ខុសគម្លាត ខុសកម្ពស់ ឬរំលោភលើដីសាធារណៈ ដែលជាទូទៅក្នុងការផ្តល់លិខិតអនុញ្ញាតសាងសង់ ក្រសួងតែងតែមានចែងក្នុងលិខិតអនុញ្ញាតសាងសង់ ដោយណែនាំឲ្យម្ចាស់គម្រោងសាងសង់កែលំអ និងកែតម្រូវចំណុចខ្លះ នៃប្លង់ស្ថាបត្យកម្ម ដោយហេតុថា គំនូរប្លង់ ដែលបានស្នើសុំច្រើនតែមានកង្វះខាត និងកំហុសឆ្គងលើលក្ខណៈបច្ចេកទេស ដែលចាំបាច់ត្រូវកែសម្រួលឲ្យស្របតាមបទដ្ឋានបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
- នៅតែមានការជួសជុល ការកែលំអ ការផ្លាស់ប្តូរទ្រង់ទ្រាយប្រភេទអគារ ការប្រើប្រាស់ខុសមុខងារអគារ មិនបានគិតគូរពីគ្រឿងផ្គុំសំណង់ នៃអគារ និងពុំបានធ្វើកោសល្យវិច័យអគារឲ្យបានត្រឹមត្រូវ។
- ការដ្ឋានសំណង់ខ្លះ ពុំមានរបងហ៊ុព័ទ្ធការដ្ឋាន ឬរៀបចំរបាំងសុវត្ថិភាពមិនបានត្រឹមត្រូវ ឬបានធ្វើរបងរំលោភលើដីសាធារណៈបម្រើឲ្យការងារសំណង់របស់ខ្លួន ឬ ធ្វើជាជម្រកឲ្យកម្មករ សំណង់ ស្នាក់នៅ ឬ ទុកដាក់សម្ភារៈបរិក្ខារសំណង់ ដែលកត្តាទាំងនេះ ធ្វើឲ្យខូចរបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ៕