(កណ្តាល)៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានជំរុញដល់ប្រជាពលរដ្ឋមូលដ្ឋាន អនុវត្តវិធានការ ៣ការពារ និង៣កុំ ឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់កូវីដ១៩ ក្នុងសហគមន៍របស់ខ្លួន។
ការជំរុញនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកអភិបាលស្រុក រួមដំណើរដោយ លោក អ៊ុ ចន ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក និងសហការី អាជ្ញាធរឃុំ ភូមិពាក់ព័ន្ធ បានចុះសួរសុខទុក្ខ ដល់គ្រួសារដែលកំពុងធ្វើចត្តាឡីស័ក នៅតាមបណ្ដាលឃុំ ចំនួន ១៧គ្រួសារស្ថិតនៅ ឃុំបាក់ដាវ ៩គ្រួសារ ឃុំស្វាយរមៀត ៥គ្រួសារ ឃុំព្រះប្រសប់ ១គ្រួសារ ឃុំកោះចូរ៉ាម ១គ្រួសារ ឃុំព្រែកតាមាក់ ១គ្រួសារ។
ក្នុងនោះលោកអភិបាលស្រុក បានសាកសួរសុខទុក្ខ និងណែនាំ ត្រូវអនុវត្តន៍ការធ្វើចត្តាឡីស័កនេះ ឲ្យបានម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព ដើម្បីខ្លួនឯង គ្រួសារ និងសហគមន៍។
លោកអភិបាលស្រុក បានបន្តថា «កាលបើយើងធ្វើប្រហែសចំណុចណាមួយ ដោយមិនអនុវត្តន៍តារណែនាំទេ វាអាចធ្វើឲ្យគ្រោះថ្នាក់ដល់គ្រួសារយើង សហគមន៍យើង ពិសេសប្រទេសជាតិទាំងមូល ដូចច្នេះត្រូវអនុវត្តន៍វិធានការ ៣ការពារ ៣កុំ ឲ្យបានទើបធានាសុវត្ថិភាពសហគមន៍យើងទាំងមូល»។
បន្ថែមពីលើនេះផងដែរ លោកអភិបាលស្រុក បានជម្រាបជូនពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលច្បាប់នេះ មានវិធានសុខាភិបាល វិធានរដ្ឋបាល និងការអនុវត្តន៍ច្បាប់ព្រហ្មទណ្ឌផ្សេងទៀត។
សូមបញ្ជាក់ថា អំណោយដែលឧបត្ថម្ភ ជូនប្រជាពលរដ្ឋ ទទួលបានក្នុង ១គ្រួសារ អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកស៉ីអ៉ីវ ១យួរ សៀងផ្អែម ១យួរ សាប៊ូលាងដៃ១ដប មី១កេះ ម៉ាស់ ១ប្រអប់ និងថវិកា ១០ម៉ឺនរៀល។ សរុប អង្ករ ៤២៥គីឡូក្រាម ត្រីខ ១៧យួរ ទឹកស៉ីអ៉ីវ ១៧យួរ សៀងផ្អែម ១៧យួរ ម៉ាស់ ១៧ប្រអប់ សាប៊ូលាងដៃ១៧ដប និងថវិកា ១លាន ៧០ម៉ឺនរៀល។
កម្ពុជាកំពុងជួបប្រទះការឆ្លងជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន គឺជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលធ្វើឲ្យមានអ្នកឆ្លងជាបន្តបន្ទាប់ មិនទាន់មានភាពធូរស្រាលនៅឡើយ។ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៣០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦៤៧នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៥៦នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និងម្នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ ពេលកំពុងទទួលការព្យាបាល៕