(ភ្នំពេញ)៖ មេការគ្រប់គ្រងខារ៉ាអូខេអេនជែល នៅខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបើកឲ្យភ្ញៀវចូលលេងកម្សាន្ត ដោយបំពាននឹងការណែនាំរបស់រាជរដ្ឋាភិបាល ត្រូវបាន លោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទអំពើដោយចេតនា មិនគោរពតាមបញ្ជារបស់រដ្ឋបាលនៅនឹងកន្លែង (បើកខារ៉ាអូខេឱ្យភ្ញៀវចូលច្រៀងលេងកម្សាន្ត ផ្ទុយពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល) តាមមាត្រា៤២ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។
នេះតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។
តាមមាត្រា៤២ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ មេការគ្រប់គ្រងខារ៉ាអូខេអេនជែល ដែលបានចោទប្រកាន់នេះ ប្រឈមនឹងជាប់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ដល់ ២លានរៀល។
សូមជម្រាបថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២២៖១៥នាទី កម្លាំងប្រត្តិបត្តិការចម្រុះខណ្ឌ ៧មករា បានចុះបង្រ្កាបជាក់ស្តែងករណី អំពើដោយចេតនាមិនគោរពតាមបញ្ជារបស់រដ្ឋបាលនៅនឹងកន្លែង (បើកខារ៉ាអូខេឱ្យភ្ញៀវចូលច្រៀងលេងកម្សាន្តផ្ទុយពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល) នៅចំណុចខារ៉ាអូខេអេនជែល ផ្ទះលេខ៦ ផ្លូវលេខ២១១ ភូមិ ១២ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពញ។
ក្នុងប្រតិបត្តិការបង្រ្កាប ក្រោមការបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខុម សុវណ្ណមុនីរិទ្ធ ភេទស្រី អាយុ ៣៣ឆ្នាំ និងឈ្មោះ ហ៊ុន សុធារ៉ា ភេទស្រី អាយុ ៤២ឆ្នាំ ជាមេការគ្រប់គ្រងខារ៉ាអូខេអេនជែល ដែលបានបើកបន្ទប់ឱ្យភ្ញៀវចូលច្រៀងលេងកម្សាន្តមួយបន្ទប់ និងចាប់យកវត្ថុតាងដែលពាក់ព័ន្ធ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕