(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តប៉ៃលិន និងជាអភិបាលខេត្ត បាននាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ផ្ទះ១ខ្នង ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់បំផ្លាញផ្ទះទាំងស្រុង ក្នុងពេលកន្លងទៅ និងផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋចំនួន ១៩គ្រួសារទៀត ដែលរងគ្រោះដោយសារវិបត្តិកូវីដ១៩ នៅភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សកម្មភាពនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ អមដំណើរដោយលោក សៅ សារ៉ាត់អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន មន្ទីរអង្គភាពជុំវិញខេត្ត យុវជនកាកបាទក្រហម យុវជន សសយក រួមនឹងក្រុមការងារ។
ថ្លែងនៅក្នុងពិធីនេះ លោកស្រីបានពាំនាំនូវក្តីនឹករលឹក របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ លោកតា លោកយាយ ពុកម៉ែបងប្អូន ដែលកំពុងជួបការលំបាកគ្រប់ទីកន្លែង។ លោកស្រី ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ នៅក្នុងដំណាក់កាលនៃការឆ្លងជំងឺកូវីដ១៩ នេះ ត្រូវរស់នៅបែបគន្លងថ្មី ដោយរក្សាអនាម័យឱ្យបានជាប់ជានិច្ច មិនត្រូវមានការជួបជុំគ្នានោះទេ ជាពិសេសត្រូវគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា ផ្ទះ១ខ្នងនេះ ត្រូវបានប្រគល់ជូនលោកតា ដើក ថា អាយុ៦០ឆ្នាំ ដែលផ្ទះរបស់គាត់ពីមុននៅភូមិដីស ឃុំស្ទឹងត្រង់ ត្រូវបានជំនន់ទឹកភ្លៀងបានវាយបំផ្លាញ និងអូសយកទៅទាំងស្រុងកាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។ លោកតាមានចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំខេត្ត និងក្រុមការងា ចុះជួយភូមិ ឃុំ ដែលបានជួយដោះស្រាយទុក្ខលំបាកលោកតា ឲ្យបានធូរស្រាលឡើងវិញ។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋចំនួន ១៩គ្រួសារ និងម្ចាស់ផ្ទះនាពេលនេះ រួមមាន អង្ករ ២៥គីឡូ ត្រីខ ១យួរ ទឹកស៉ីអ៉ីវ ១យួរ មី១កេស និងអាវរងារ១ និងថវិកាមួយចំនួន៕