(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បា នអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ដើម្បីការពារខ្លួន គ្រួសារ សង្គមជាតិ និងប្រជាជនកម្ពុជា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។
តាមរយ:បណ្តាញសង្គម Facebook លោក ហ៊ុន ម៉ាណែត បានអំពាវនាវថា៖ «ខ្ញុំសូមអំពាវនាវចំពោះបងប្អូនទាំងអស់សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធានសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ»។
លោកបានបញ្ជាក់ដែរថា អនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ក្នុងការរៀបចំមន្ទីរពេទ្យបម្រុងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងករណីមានតំរូវការចាំបាច់ ក្រុមការងារយើងបានខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យនេះអាចចាប់ផ្ដើមដំណើរការត្រៀមលក្ខណៈព្យាបាល ក្នុងពេលយ៉ាងខ្លីបំផុតដែលអាចធ្វើទៅបាន។
សូមជម្រាបថា នៅគិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៣០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦៤៧នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៥៦នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និងម្នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ ពេលកំពុងទទួលការព្យាបាល៕