(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិគោកឃ្លាង និងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានបង្ហាញការ អស់ជំនឿទាំងស្រុងទៅលើក្រុមសមត្ថកិច្ច និងអាជ្ញាធរដែលគ្មានវិធានការណ៍ចំពោះការទប់ស្កាត់ អំពើចោរកម្មដែលកំពុង កើតមានឡើង ពេញបន្ទុកនៅក្នុងមូលដ្ឋាន ដែលបានធ្វើសកម្មភាព លួចទ្រព្យសម្បត្តិស្ទើរជារៀងរាល់យប់ដូចជា លួចម៉ូតូ លួចធុងទឹកកក លួចរឺម៉ក់ លួចកង់ លួចកៅអី និងគាស់ផ្ទះជាដើម។
អំពើចោរកម្មបែបនេះ បានបង្ខំឲ្យប្រជាពលរដ្ឋដាក់វេណប្រចាំការយាមផ្ទះរបស់ខ្លួនតាំងពីក្បាលព្រលប់ រហូតទល់ភ្លឺ ពីព្រោះខ្លាចក្រុមចោរ ទាំងនេះចូលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពួកគេ។
បើតាមប្រជាពលរដ្ឋ អំពើចោរកម្មដែលគ្មានការទប់ស្កាត់គ្មានប្រសិទ្ធភាពនេះ បានកើតឡើង មុនមួយថ្ងៃនៃបុណ្យចូលឆ្នាំចិនមកម្ល៉េះ រហូតមកដល់ពេលនេះ។ ប្រជាពលរដ្ឋម្នាក់ឈ្មោះ ចឺត (ឈ្មោះ ហៅក្រៅ) បានស្នើសុំមកអង្គភាព Fresh News ចុះផ្សាយរឿងនេះ ដើម្បីដឹងដល់ថ្នាក់ដឹកនាំនោះ បានរៀបរាប់ថា "ឥឡូវនេះពួកយើងរវល់តែការពារទ្រព្យសម្បត្តិរបស់យើងទៅវិញ នៅពេលយប់ឡើង ពីព្រោះចោរលួចខ្លាំងពេក តែសមត្ថកិច្ច ហាក់បីដូចជាគ្មានការទប់ស្តាល់នោះឡើយ ដូចករណីយប់មិញ នៅពេលប្រជាពលរដ្ឋ តេហៅមកជួយអន្តរាគមន៍ នៅពេលមានចោរចង់កាប់ប្រជាពលរដ្ឋ ស្រាប់តែអាវុធហត្ថ មកដល់ពួកគេមកសួរយើងថា មានកាន់ដំបងហ្នឹង ចង់វាយសម្លាប់គេរឺមួយយ៉ាងណា?
បើតាមប្រជាពលរដ្ឋ ក្រុមចោរទាំងនេះមានមេក្លោងធំៗ ៤នាក់រួមមាន ឈ្មោះ អាត្នោត ឈ្មោះ អាមូស ឈ្មោះ អាវណ្ណា និងឈ្មោះ អាធួន ដែលរស់នៅម្តុំចេតីយ៍៨ខ្នង គឺលើប្រឡាយតែម្តង ហើយពួកនេះមានកូនចៅមួយចំនួនទៀត សម្រាប់ដើរធ្វើសកម្មភាព ដោយយប់ឡើងជួបជុំគ្នានៅលើស្ពានលូប្រឡាយបង្ហូរទឹក និងនៅក្នុងបន្ទប់ជួលតែម្តង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ កាំបិត ដំបង និងដុុថ្មជាដើម។
ប្រជាពលរដ្ឋបានលើកឡើងថា បើសិនគ្មានការទប់ស្តាត់ឲ្យទាន់ពេលវេលានោះទេ តំបន់ដែលពួកគាត់រស់នៅនឹងក្លាយជា បឹងឈូកទី២ ជាក់ជាមិនខាន ។
កន្លងមកប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹង ទៅកាន់ប៉ុស្តិនគរបាល ទៅសង្កាត់ ប៉ុន្តែរហូតមកដល់ពេលនេះនៅតែគ្មានប្រសិទ្ធភាព ហើយអាជ្ញាធរមិនដែលចុះមកធ្វើរដ្ឋបាលនោះឡើយ។
ប្រជាពលរដ្ឋសង្ឃឹមថា អភិបាលខណ្ឌសែនសុខ លោក លី សាវេត អធិការខណ្ឌ លោក ម៉ក់ ហុង មេបញ្ជាការអាវុធហត្ថខណ្ឌ លោក ព្រំ សក្កដា ជួយអន្តរាគមន៍រឿងនេះផង ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅសម្រាប់ការរស់នៅប្រចាំថ្ងៃ និងរកស៊ីកុំឲ្យពួកគាត់ មកដេកយាមផ្ទះខ្លួនឯងយ៉ាងដូច្នេះនោះទេ៕