(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤១នាក់ ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ២៤នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបន្តថា ក្នុងចំណោមអ្នកឆ្លងទាំង៤១នាក់ មានជនជាតិចិនចំនួន២៣ នាក់, ជនជាតិខ្មែរចំនួន ១២នាក់ ជនជាតិវៀតណាមចំនួន៤ នាក់ និងជនជាតិថៃ ២នាក់ ដែលត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រៃវែង។
ចំណែកអ្នកជាសះស្បើយចំនួន ២៤នាក់វិញ មានជនជាតិចិន២២នាក់ និងជនជាតិវៀតណាម២នាក់ ដែលឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដោយទទួលលទ្ធផលតេស្តអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា នៅគិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៣០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦៤៧នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៥៦នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និងម្នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ ពេលកំពុងទទួលការព្យាបាល៕