(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សម្តេចបានសម្រេចជាលើកចុងក្រោយនូវជំហររបស់កម្ពុជា ទៅលើបញ្ហាមួយ ដែលសម្តេចបានអះអាងថា ជាបញ្ហាដ៏រស៊ើបមួយ ពាក់ព័ន្ធទៅនឹងបញ្ហាលើឆាកអន្តរជាតិ និងតំបន់។
នៅក្នុងឱកាសអញ្ជើញជាអធិបតីរួមគ្នាសម្ពោធដាក់ឲ្យប្រើប្រាស់អគារ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន និងលោក យូជី គូម៉ាម៉ារុ បានឆ្លៀតជជែកពិភាក្សាការងារជាមួយជាច្រើននាទី នៅលើវេទិកាផ្ទាល់តែម្តង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពេលកំពុងថ្លែងសន្ទរកថា «សូម្បីមិញហ្នឹងខ្សឹបៗជាមួយឯកអគ្គរដ្ឋទូតជប៉ុន បានការមួយដែរ។ តែខ្ញុំមិនប្រាប់ថា អីទេ! ព្រោះធម្មតាគេនិយាយគ្នា ព្រោះរឿងបើដឹងទៅដល់នាយករដ្ឋមន្រ្តីអាបេ និងរដ្ឋមន្រ្តីការបរទេសជប៉ុននោះ។ យ៉ាងហោចណាស់ខ្ញុំបានពិគ្រោះជាមួយមិត្តភក្តិផ្ទាល់ ហើយចាំខ្ញុំប្រាប់ឯកឧត្តម ហោ ណាំហុង មិនបាច់ជួបជាមួយឯកអគ្គរដ្ឋទូតទេ ដោយសារខ្ញុំបានពិគ្រោះហើយ ហើយខ្ញុំក៏យកគោលជំហរផ្តាច់ព្រ័ត្រនៅថ្ងៃនេះតែម្តងលើបញ្ហា ដ៏រស៊ើបទាក់ទងបញ្ហាអន្តរជាតិ និងតំបន់យើងនេះ»។
បើទោះបីជាយ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី មិនបានទម្លាយឲ្យដឹងពីបញ្ហា ដែលបានពិភាក្សានោះឡើយ គ្រាន់តែបញ្ហាថា ជាបញ្ហាដ៏រស៊ើបពាក់ព័ន្ធទៅនឹងបញ្ហារបស់អន្តរជាតិ និងតំបន់៕