(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ខណ្ឌរបស់លោករកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ម្នាក់ទៀត ដែលជាក្រុមរាំងរបស់តារាចម្រៀង សុគន្ធ នីសា។
បើតាមលោក ជា ពិសី អ្នកវិជ្ជមានជំងឺកូវីដ១៩នេះ ជាបុរស អាយុ២២ឆ្នាំ រស់នៅផ្ទះលេខ៤៤ ផ្លូវបេតុង ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ជិតផ្សារសាំហាន់។ លោក ជា ពិសី បានឱ្យដឹងថា អ្នកជំងឺរូបនេះ ត្រូវបានក្រុមគ្រូពេទ្យមកយកទៅព្យាបាលនៅមន្ទីរពេទ្យរបេង។
លោកអភិបាលខណ្ឌបន្តថា មានអ្នកពាក់ព័ន្ធនឹងបុរសរូបនេះចំនួន៥នាក់ ម្នាក់ជានារី។ ជនពាក់ព័ន្ធទាំង៥នាក់ ត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័កនៅក្នុងទីតាំង និងត្រៀមយកសំណាកនៅព្រឹកស្អែក។ អាជ្ញាធរក៏បានបិទទីតាំងខាងលើផងដែរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីអ្នកនាង សុគន្ធ នីសា នៅល្ងាចមិញនេះ ប្អូនស្រីរបស់អ្នកនាង ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ផងដែរ៕