(ភ្នំពេញ)៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃឣធិការដ្ឋាននគរបាលខណ្ឌកំបូល សហការជាមួយនគរបាលប៉ុស្តិ៍កំបូល និងនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលបានធ្វើសកម្មភាពធាក់ផ្ដួលប្លន់យកម៉ូតូ១គ្រឿង ពីយុវជនម្នាក់នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខរោងចក្រ «ថាក់ក្រាល» ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១១៖៤៤នាទីយប់ ប៉ុន្តែមិនបានសម្រេចឡើយ។
ជនសង្ស័យខាងលើនោះមានទី១៖ ឈ្មោះ ស៊ុំ ប៊ុនធួន អាយុ២១ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀនក្នុងខ្លួន), ទី២៖ ឈ្មោះ ធាន ប៊ុនថាវ អាយុ១៨ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងទី៣៖ ឈ្មោះ ប៉ែន រតនា អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៧ ផ្លូវលេខ១៣ បុរីពិភពថ្មី៣ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។ ចំណែកជនរងគ្រោះឈ្មោះ ម៉ុន ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រងរបួសជើងដោយសារជនសង្ស័យធាក់ផ្ដួលពេលកំពុងជិះម៉ូតូ។
លោក ឈឹម សាវុធ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌកំបូល បានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្ដិម្នាក់ទៀតឈ្មោះ ខ្មៅ បានជិះម៉ូតូម៉ាក់ Suzuki Let's ពណ៌ស ស៊េរី២០១៥ ពាក់ស្លាកលេខភ្នំពេញ1FW-4450 ចេញពីទិញបាយហូបនៅម្ដុំស្តុបខាងលិចផ្សារជម្ពូវ័ន កែងមហាវិថីឈ្នះឈ្នះ ភូមិជម្ព័ន សង្កាត់ចោមចៅទី៣ ត្រឡប់មកផ្ទះវិញ។
លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជួបក្រុមជនសង្ស័យទាំង៣នាក់ ជិះម៉ូតូចំនួន២គ្រឿង ដោយជនសង្ស័យឈ្មោះ ស៊ុំ ប៊ុនធួន ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HW- 0998 ម្នាក់ឯង, ចំណែកជនសង្ស័យឈ្មោះ ប៉ែន រតនា ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1GT-9106 ឌុបជនសង្ស័យឈ្មោះ ធាន ប៊ុនថាវ។
លោកអធិការរង បានបន្តថា ពេលនោះជនសង្ស័យឈ្មោះ ស៊ុំ ប៊ុនធឿន បានលើកជើងធាក់ដៃម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យដួល ហើយជនសង្ស័យឈ្មោះ ប៉ែន រតនា បានបើកម៉ូតូទៅឈប់ពីមុខម៉ូតូ របស់ជនរងគ្រោះ បន្ទាប់មកជនសង្ស័យឈ្មោះ ធាន ប៊ុនថាវ កាន់ខ្សែក្រវាត់បម្រុងវាយលើជនរងគ្រោះ ប៉ុន្តែស្របពេលនោះ មានអ្នកដំណើរជិះម៉ូតូតាមផ្លូវឈប់សួរនាំ ដោយអ្នកដំណើរនោះមានវិទ្យុទាក់ទងនៅនឹងចង្កេះផងដែរ។ ឃើញដូចនោះក្រុមជនសង្ស័យ បានជិះម៉ូតូគេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល។
ក្រោយពីទទួលពាក្យបណ្ដឹងរួចកម្លាំងបានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១១៖៣០នាទីព្រឹក ទើបកំណត់បានមុខសញ្ញា ហើយកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយនគរបាលប៉ុស្តិ៍កំបូល និងនគរបាលខណ្ឌពោធិ៍សែនជ័យ ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុំ ប៊ុនធឿន នៅចំណុចតាមផ្លូវលំ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
បន្ទាប់មកបានបន្តទៅឃាត់ ជនសង្ស័យឈ្មោះ ធាន ប៊ុនថាវ នៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល។ ដោយឡែកជនសង្ស័យឈ្មោះ ប៉ែន រតនា ត្រូវឃាត់ខ្លួនបាននៅចំណុចតាមផ្លូវបេតុង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល នាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល រួចនាំទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕