(ព្រះសីហនុ)៖ សណ្ឋាគារ២កន្លែងទៀតហើយ នៅខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឲ្យដំណើរការអាជីវកម្មឡើងវិញ។ នេះបើតាមលិខិតអនុញ្ញាតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។
សណ្ឋាគារ២កន្លែងដែលត្រូវបញ្ចប់ការធ្វើចត្ដាឡីស័កនេះរួមមាន៖ សណ្ឋាគារ-កាស៉ីណូ ជីនប៉ី១ មានទីតាំងស្ថិតនៅផ្លូវលេខ១០០ សង្កាត់លេខ៤ និងសណ្ឋាគារ-កាស៉ីណូ ជីនប៉ីព័រអ៉ី (ជីនប៉ី៣) មានទីតាំងស្ថិតនៅចំណុចទួលខ្សាច់ ភូមិ៣ សង្កាត់លេខ៤។
ក្នុងសេចក្ដីសម្រេចនោះបានបញ្ជាក់ទៀតថា បើទោះបីអនុញ្ញាតឲ្យដំណើរការអាជីវកម្មឡើងវិញ ក៏ពិតមែន ប៉ុន្ដែត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។
សូមរំលឹកថា កាលពីប៉ុន្មានថ្ងៃមុននេះ ក៏មានសណ្ឋាគារ២ទីតាំងផងដែរ ដែលត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឲ្យដំណើរការអាជីវកម្មឡើងវិញដូចគ្នានេះ។
គួរជម្រាប ដោយសារតែជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ វាយប្រហារខេត្តព្រះសីហនុខ្លាំង អាជ្ញាធរខេត្តមួយនេះបានសម្រេចផ្អាក នូវអាជីវកម្មមួយចំនួន ក្រោយរកឃើញថា មានការពាក់ព័ន្ធអ្នកដែលកើតជំងឺកូវីដ ខណៈមនុស្សជាច្រើនម៉ឺននាក់ត្រូវយកសំណាកទៅពិនិត្យ និងតម្រូវឲ្យធ្វើចត្តាឡីស័ក៕