(ភ្នំពេញ)៖ រដ្ឋបាលខេត្តព្រៃវែង បានសម្រេចបិទការចេញចូលក្នុងឃុំចំនួន៤ នៃស្រុកពាមរក៍ ខេត្តព្រៃវែង បន្ទាប់ពីបានរកឃើញអ្នករកឃើញអ្នកកើតជំងឺកូវីដ១៩មានចំនួនកាន់តែច្រើន។
ក្នុងសេចក្តីដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា មកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ខេត្តព្រៃវែង បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤៥នាក់ហើយ ក្នុងនោះស្រុកពាមរក៍មានរហូតដល់ទៅ ៣៦នាក់។
ដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំងនៅក្នុងស្រុកពាមរក៍ រដ្ឋបាលខេត្តសម្រេចបិទការចេញចូលក្នុងឃុំចំនួនរួមមាន៖ ឃុំព្រែកខ្សាយ(ក) ឃុំព្រែកខ្សាយ(ខ) ឃុំអ្នកលឿង និងឃុំពាមរក៍ ចាប់ពីម៉ោង ០០៖០០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះតទៅ។
រដ្ឋបាលបានបញ្ជាក់បន្តថា គោលដៅដែលត្រូវបិទនេះរួមមាន៖
ទី១៖ ចំណុចខាងលិចរង្វង់មូលត្រីកោណ គល់ស្ពានត្សឹបាសា(ស្ពានអ្នកលឿង)ផ្លូវជាតិលេខ១
ទី២៖ ចំណុចផ្លូវកែងចូលភូមិចាក់ខ្លាញ់ ឃុំពាមរក៍ (ផ្លូវជាតិលេខ១១)
ទី៣៖ ចំណុចផ្លូវចូលវត្តទួលសមាធិ ឃុំព្រែកខ្សាយ(ខ)
ដៅទី៤៖ ចំណុចព្រំប្រទល់ស្រុកពាមរក៍ និងស្រុកពាមជរ (ផ្លូវលេខ៣១០)។
ការផ្អាកចរាចរណ៍ចេញ-ចូលបណ្ដោះអាសន្ននេះ នឹងដំណើរការឡើងវិញ ក្រោយពីស្ថានភាពរីករាល ដាលនៃជំងឺកូវីដ-១៩ មានសភាពធូរស្រាល៕