(ភ្នំពេញ)៖ ជាថ្មីម្តងទៀតក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា រាល់លុយជំនួយទាំងអស់ ជាពិសេសជំនួយរបស់ប្រទេសជប៉ុន គឺត្រូវបានគ្រប់គ្រងផ្ទាល់ ដោយប្រទេសជាម្ចាស់ជំនួយ។
សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកដែលចោទរាជរដ្ឋាភិបាលថា ប្រព្រឹត្តអំពើពុករលួយកិបកេងលុយជំនួបនោះ ឲ្យទៅសួរប្រទេសជប៉ុន ចៃកា ឬប្រទេសម្ចាស់ជំនួដទៃទៀតទៅ។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាល់ជំនួយអភិវដ្ឍរបស់ជប៉ុន គឺត្រូវបានដេញថ្លៃនៅក្នុងប្រទេសជប៉ុន ហើយក្រុមហ៊ុន ដែលចូលរួមដេញថ្លៃសាងសង់ទៀតសោត គឺត្រូវតែជាក្រុមហ៊ុនជប៉ុន។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងដូច្នេះ «ខ្ញុំនៅតែបញ្ជាក់សាចុះសាឡើង ដើម្បីចៀសវាងមនុស្សមួយចំនួនបំផ្លាញកិត្តិនាមរបស់រាជរដ្ឋាភិបាល កម្ពុជាផង ហើយបំផ្លាញកិត្តិនាមរបស់រដ្ឋាភិបាលប្រទេសជប៉ុនផងដែរ។ គម្រោង ដែលយើងសាងសង់នៅទីនេះ សម្ពោធនៅថ្ងៃនេះ ត្រង់ចាយលុយអស់ប៉ុន្មាន ខ្ញុំកូណាខ្ញុំអត់ដឹងទេ។ បើចង់សួរអី សួរឯកអគ្គរដ្ឋទូតជប៉ុន សួរប្រធានចៃកា សួររដ្ឋាភិបាលជប៉ុនទៅ។ ព្រោះនៅស្រុកខ្មែរសម្បូរណាស់អារឿងចោទគ្នាហ្នឹង មិនចប់មិនហើយទេ គេថាយើងហ្នឹងពុករលួយយកលុយជំនួយបរទេសយកមកចាយ»។
សម្តេចតេជោ ហ៊ុន សែន រំពឹងថា សាររបស់សម្តេចនាព្រឹកថ្ងៃនេះ នឹងបញ្ជូនទៅដល់អ្នក ដែលដឹងហើយ ធ្វើមិនដឹង ដើម្បីចោទរាជរដ្ឋាភិបាល ក៏ដូចបញ្ជូនទៅកាន់អ្នកដែលមិនទាន់បានដឹងរឿង ប្រើប្រាស់លុយរបស់ប្រទេសម្ចាស់ជំនួយផងដែរ។
សូមបញ្ជាក់ថា ការចេញមកបញ្ជាក់ថា ពីការប្រើប្រាស់ថវិកាជំនួយរបស់បរទេសរបស់សម្តេចតេជោ ហ៊ុន សែន មិនមែនជាលើកទីមួយនោះទេ កាលពីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន «ត្សឹបាសា ហៅស្ពានអ្នកលឿង» កាលពីដើមឆ្នាំ២០១៥ ក៏សម្តេចបានបញ្ជាក់ផងដែរ៕