(ព្រះវិហារ)៖ កសិករគំរូមួយគ្រួសាររស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានទទួលជោគជ័យលើការដាំដុះដំណាំបន្លែគ្រប់ប្រភេទផ្គត់ផ្គង់ទីផ្សារ ដោយក្នុងមួយឆ្នាំ អាចរកចំណូលបានប្រមាណ ២០លានរៀល ហើយថ្ងៃនេះមន្ទីរកសិកម្មខេត្តព្រះវិហារ ក៏បាននាំយកម៉ាស៊ីនភ្ជួរដីទំនើប១គ្រឿង ទៅប្រគល់ជូនជាការលើកទឹកចិត្តផងដែរ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ការិយាល័យគ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្មខេត្ត បានជ្រើសរើសកសិករផលិតបន្លែ គំរូមួយគ្រួសារ និងមានក្រុមដាំបន្លែសហគមន៍នៅភូមិខាងលើ ដោយបានប្រគល់ម៉ាស៊ីនភ្ជួរដីទំនើប១គ្រឿង ដែលគាំទ្រដោយថវិកាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនកសិករគំរូឈ្មោះ ហែម ជាតិ និងភរិយាឈ្មោះ ម៉ាប កែវ។
ប្រធានមន្ទីរកសិកម្មខេត្ត បានថ្លែងឲ្យដឹងយ៉ាងទៀតថា កសិករគំរូរមួយគ្រួសារនេះ ក្នុងមួយឆ្នាំគាត់អាចរកចំណូលបានប្រមាណ ២០លានរៀល ដោយមិនគិតពីការចំណាយលើគ្រាប់ពូជ ជី ប្រព័ន្ធដំណក់ទឹក និងកៅស៊ូក្រាលរង ចំពោះដីដែលគាត់ធ្វើការដាំដុំមានទំហំតែ ៦៥០០ម៉ែត្រការ៉េប៉ុណ្ណោះ។
លើសពីនេះទៅទៀត កសិករគំរូមួយគ្រួសារនេះ មានចិញ្ចឹមគោចំនួន ៤០ក្បាល ដោយក្នុងរយៈពេល ២ឆ្នាំ គាត់អាចលក់គោបានចំណូលបន្ថែមប្រមាណ ១ម៉ឺនដុល្លារទៀត។
លោក ពឹង ទ្រីដា ក៏បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាកសិករយើង ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយអនុវត្តន៍ឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង៣ការពារ៕