(បន្ទាយមានជ័យ)៖ លោក អ៉ិត លឿ អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្តបន្ទាយមានជ័យ និងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យមុនដំបូងគេបង្អស់ ដែលកំពុងមានជីវភាពខ្វះខាត នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា។
ការផ្តល់អំណោយខាងលើ ដោយសារតែក្រោយពីលោក អ៉ិត លឿ ចូលនិវត្ត រហូតមកដល់សព្វថ្ងៃនេះ ក្រុមគ្រួសារលោកមានជីវភាពក្រីក្រយ៉ាងខ្លាំង ហើយលោកមានជំងឺបៀតបៀនយ៉ាងទៀតផង។ សម្ភារៈដែលជាអំណោយ ផ្តល់ដល់អតីតមន្ត្រីរូបនេះ រួមមានអង្ករ ៥០គីឡូក្រាម មី១កេស ទឹកផ្លែឈើ ១កេស ត្រីខ២យួរ ទឹកត្រចៀកកាំ១យួរ ទឹកដោះគោឆៅ៣ឡូប្រេងឆា១ដប ទឹកសុទ្ធ២កេស និងថវិការចំនួន ៦៥ម៉ឺនរៀល។
លោក លី សារី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អមដំណើរជាមួយក្រុមការងារជាច្រើននាក់ បាននាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ទៅជូនក្រុមគ្រួសារ លោក អ៉ិត លឿ ដោយផ្ទាល់ដៃ ស្ថិតនៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក លី សារី បានថ្លែងថា អំណោយទាំងអស់នេះ មានសារៈសំខាន់ណាស់ក្នុងវិស័យមនុស្សធម៌ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ដល់គ្រប់គ្រួសារក្រីក្រ ដូចគ្រួសារលោក អ៉ិត លឿ ជាដើម។ លោកបានធ្វើការផ្តាំផ្ញើដល់គ្រួសារលោក អ៉ិត លឿ ដែលបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រូវចេះថែរក្សាខ្លួន ដើម្បីចៀសវាងពីជំងឺបៀតបៀន។
លោកបានបន្តទៀតថា សព្វថ្ងៃនេះឲ្យតែប្រធានសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ មេភូមិ មេឃុំ រាយការណ៍មកថា មានប្រជាពលរដ្ឋជួបការលំបាក ក្រុមការងារនឹងនាំយកអំណោយទៅចែកជូនដល់ផ្ទះជនក្រីក្រទាំងអស់តែម្តង មិនប្រកាន់និន្នាការនយោបាយឡើយ៕