(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យអាជ្ញាធរស្រុកខ្សាច់កណ្ដាល ត្រូវខំបន្តស្រាវជ្រាវ ស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល នៅក្នុងមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត ខណ:ដែល អាជ្ញាធរបានសម្រេចយកវិទ្យាល័យ ហ៊ុន សែន រ៉ូតា ត្រៀមធ្វើមណ្ឌលចត្តាឡីស័កបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលនៅក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។
កាសម្រេចយ៉ាងដូច្នេះ ធ្វើឡើងនៅគ្រាដែលលោកអភិបាលខេត្តកណ្ដាល បានចុះសំណេះសំណាល និងសាកសួរសុខទុក្ខ មន្ត្រីជួរមុខរបស់ស្រុកខ្សាច់កណ្ដាល កងកម្លាំងមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ នៅស្រុកខ្សាច់កណ្ដាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ។
នៅក្នុងឱកាសសួរសុខទុក្ខនោះ លោកអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកខ្សាច់កណ្ដាល ដែលបានស្រាវជ្រាវ ស្វែងរក អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នាពេលកន្លងមក និងលើកទឹកចិត្តដល់អាជ្ញាធរស្រុក ត្រូវបន្តខំបន្តស្រាវជ្រាវ ស្វែងរក អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល នៅក្នុងមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត។
ទន្ទឹមនឹងនេះដែរលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ទូទាំងស្រុកខ្សាច់កណ្ដាល មានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលមានចំនួន ៥៣៥នាក់ និងបានយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន៤៩៤នាក់ ខណ:ដែលលោកបានធ្វើការខិតខំស្រាវជ្រាវទាំងយប់ទាំងថ្ងៃ ជាមួយសហការីទាំងអស់ដោយគ្មានខ្លាចការនឿយហត់ឡើយ ពផលគឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩នេះ ដល់ប្រជាជន។
សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខេត្តកណ្ដាល បានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ សរុបចំនួន១១៥៣៨នាក់ យកសំណាកបាន ៩៦៧៥នាក់ អ្នកធ្វើចត្តាឡីស័ក នៅមណ្ឌលចំនួន១៥១២នាក់ នៅផ្ទះចំនួន៩៨៣៨នាក់ មានករណីវិជ្ជមានចំនួន៧៩នាក់ ករណីជាសះស្បើយចំនួន៣នាក់ អ្នកបានបញ្ចប់ការធ្វើចត្តាឡីស័កចំនួន ៥៣២នាក់៕