(ព្រះសីហនុ)៖ ឆ្លៀតពេលប្រទេសកម្ពុជាកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩ បែរជាក្រុមជនទុច្ចរិតមួយចំនួនប្រឹងទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងតំបន់ការពារ «ព្រែកទឹកសាបក្បាលឆាយ» និងដីគម្របព្រៃឈើក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ប៉ុន្តែដោយសារមានចំណាត់ការពីកម្លាំងសមត្ថកិច្ច និងមន្ទីរបរិស្ថានខេត្តព្រះសីហនុ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ព្រមទាំងដកហូតបានគោយន្ត និងវត្ថុតាងមួយចំនួនទៀត។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននាល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅពេលដែលកម្លាំងការពារ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ កំពុងជាប់ដៃក្នុងការការពាររោគរាតត្បាតជំងឺកូវីដ-១៩ ក្រុមឆ្លៀតឱកាសក៏បានលួចចូលកាប់ទន្ទ្រានព្រៃកាស្យា (Cassia) ក្នុងតំបន់ក្បាលឆាយជាបន្តបន្ទាប់។
ជាក់ស្តែង នៅចំណុចចម្ការម្រេចជាប់គន្លងបង្គោលខ្សែភ្លើងអគ្គិសនីថ្មី ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រង់និយាមកាលេខ 344839-1181875។ ដើមកាស្យា និងព្រៃធម្មជាតិជាច្រើនហិកតា ត្រូវបានជនឆ្លៀតឱកាសលួចចូលមកកាប់រំលំ ដែលសកម្មភាពនេះតែងតែធ្វើឡើងនៅពេលយប់។
ជាវិធានការបង្ក្រាបបទល្មើសនេះ កម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តបានចាំឃ្លាំមើលសកម្មភាពតាំងពីម៉ោង ៦ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ រហូតដល់ម៉ោង ៣៖៤០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ កម្លាំងមន្ត្រីបានឮសូរសំឡេងគោយន្តចូលមក។ ក្រោយពីបានមកដល់ទីតាំងដូចរៀបរាប់ខាងលើ ជនសង្ស័យបានចាប់ផ្តើមធ្វើសកម្មភាពអារផ្តួលរំលំដើមកាស្យា ដោយប្រើរណាយន្តចំនួន ២គ្រឿង។
ក្រោយពេលជនសង្ស័យបានធ្វើសកម្មភាពភ្លាម កម្លាំងមន្ត្រីឧទ្យានុរក្សក៏បានចេញមកឃាត់ខ្លួនតែម្តង ដែលមានជនសង្ស័យចំនួន ៣នាក់ រួមជាមួយគោយន្តចំនួន ២គ្រឿង និងរណាយន្តចំនួន ២គ្រឿង។
ដោយអនុវត្តតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុផងនោះ មន្ត្រីឧទ្យានុរក្សក៏បាននាំខ្លួនបុរសជាជនសង្ស័យទាំង ៣នាក់ រួមជាមួយនឹងវត្ថុតាងដូចមានរៀបរាប់ខាងលើ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរតាមនីតិវិធីច្បាប់។
បន្ទាប់ពីបង្ក្រាករណីបទល្មើសព្រៃឈើនេះបានហើយ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាទៅកាន់គណៈបញ្ជាការឯកភាពស្រុកគោលដៅ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការក្តៅបំផុតលើបុគ្គលដែលបំផ្លិចបំផ្លាញព្រៃឈើ និងចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ មិនត្រូវមានការលើកលែងឱ្យសោះ។
សូមជម្រាបថា តំបន់ប្រើប្រាស់ច្រើនយ៉ាង «ព្រែកទឹកសាបក្បាលឆាយ» ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦៕